លោកឃួង ស្រេង ជំរុញឱ្យកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ពង្រឹងសន្តិសុខសុវត្ថិភាពជូនពលរដ្ឋអំឡុងពេលបុណ្យណូអ៊ែលនិងឆ្លងឆ្នាំ
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យកងកម្លាំងនគរបាល កងកម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនពលរដ្ឋ ក្រោយពីរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីឡើងវិញ ពិសេសរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យណូអ៊ែល និងបុណ្យចូលឆ្នាំសកល នាខាងមុខនេះ។ ការជំរុញរបស់លោក ឃួង ស្រេង បានធ្វើឡើងនាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ Video Conference ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទនិងអាជ្ញាធរខណ្ឌ ទាំ ង១៤ ។
លោកឃួង ស្រេង បានលើកឡើងថា «ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ។ ដូច្នេះរាល់សកម្មភាពនានា វានឹងកើតឡើងវិញទាំងបទល្មើសផ្សេង ទាំងល្បែងស៊ីសងគ្រប់ប្រភេទទាំងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ»។ ជាមួយគ្នា លោកឃួង ស្រេងជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ និងអាជ្ញាធរខណ្ឌទាំងអស់ ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឱ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងជាដើម ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។
លោកបន្តថា ពាក់ព័ន្ធនិងបុណ្យចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរខណ្ឌ ក៏ដូចជាមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវរាយការណ៍ពីគោលដៅកកស្ទះ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ បើដោះមិនចេញ ត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ។ ពិធីបុណ្យចូលឆ្នាំសកលនេះ ប្រជាពលរដ្ឋ និងសម្រុកចាកចេ ញ ពីលំនៅដ្ឋាន ដើម្បីឆ្លងឆ្នាំ ដែលវានឹងធ្វើឱ្យតំបន់ប្រឈមមួយចំនួន មានការកកស្ទះចរាចរ។ លោកបន្តថា ដូច្នេះក្នុងនាមយើងជាអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវសម្រួលសារាចរណ៍ ជូនបងប្អូនប្រជាពរដ្ឋ ដើម្បីឱ្យពួកគាត់បានសប្បាយរីករាយ នៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ។
នៅក្នុងឱកាសនោះដែរ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ សមត្ថកិច្ចរបស់លោក នឹងប្រើប្រាស់កម្លាំងចំនួន ១,១៦៥នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ៕ SP