មនុស្ស១៣នាក់ស្លាប់ និង២៥១នាក់ទៀតរងរបួសដោយការលេចធ្លាយឧស្ម័ននៅទីក្រុងកំពង់ផែហ្សកដានី
ប្រទេសហ្ស៊កដានី៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក Faisal al-Shaboul បាននិយាយថា ការលេចធ្លាយឧស្ម័នក្លរីននៅក្នុ ងទីក្រុងកំពង់ផែ Aqaba ភាគខាងត្បូងនៃប្រទេសហ្ស៊កដានីកាលពីថ្ងៃចន្ទបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ និង២៥១នាក់រងរបួស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeeraនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
ការលេចធ្លាយនេះបានកើតឡើងបន្ទាប់ពីធុងមួយដែលពោរពេញទៅដោយឧស្ម័នក្លរីន២៥ តោនដែលត្រូវបាននាំចេញទៅកាន់ប្រទេស Djibouti បានធ្លាក់ចុះខណៈពេលដែលកំពុងដឹកជញ្ជូន។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Faisal al-Shaboul បាននិយាយថា អាជ្ញាធរបានបិទតំបន់នោះ បន្ទាប់ពីបានជម្លៀសអ្នករបួសទៅកាន់មន្ទីរពេទ្យ ហើយបានបញ្ជូនអ្នកឯកទេសមកដោះស្រាយការលេចធ្លាយនេះ។ លោកថាមនុស្ស១៩៩នាក់ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ។លោកវេជ្ជបណ្ឌិត Jamal Obeidat មន្ត្រីសុខាភិបាលក្នុងតំបន់បានជំរុញឱ្យប្រជាជនស្នាក់នៅខាងក្នុង និងបិទបង្អួច និងទ្វារ។ តំបន់លំនៅដ្ឋានដែលនៅជិតបំផុតមានចម្ងាយ២៥គីឡូម៉ែត្រ។
វីដេអូមួយដែលបានបង្ហោះនៅលើទំព័រ Twitter របស់ទូរទស្សន៍រដ្ឋ បង្ហាញពីធុងស្តុកទុកមួយបានធ្លាក់ពីកប៉ាល់ ហើយបានធ្លាក់ចូលទៅក្នុងនាវា អមដោយឧស្ម័នពណ៌លឿងទុំឡើងលើអាកាស ខណៈដែលមនុស្សបានរត់ចេញ។ស្របជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី Bisher al-Khasawneh បានមកដល់ Aqaba ហើយបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ សួរសុខទុក្ខអ្នករបួសមួយចំនួនកំពុងត្រូវបានព្យាបាល។លោក Al-Khasawneh ក៏បានបង្កើតក្រុមស៊ើបអង្កេតលើឧប្បត្តិហេតុដែលដឹកនាំដោយរដ្ឋមន្ត្រីមហាផ្ទៃ ៕SP