លោក Paing Takhon ដែលជាតារាបង្ហាញម៉ូត និងជាតារាសម្តែងរូបសង្ហាប្រចាំមីយ៉ាន់ម៉ា  បានបង្ហាញការមិនពេញចិត្ត ចំពោះការធ្វើរដ្ឋប្រហារដោយក្រុមយោធា ដែលបានចាប់ឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត  កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ។ការបង្ហាញការមិនគាំទ្រនេះ ត្រូវបានបង្ហោះក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួន ដែលមានអ្នកតាមដានជាង១លាននាក់នោះ ។


នៅក្នុងសារដែលលោក Paing Takhon បានបង្ហោះភ្ជាប់ជាមួយ នឹងរូបភាពមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី តារាប្រុសរូបនេះបានរៀបរាប់ថា «យើងជាពលរដ្ឋមីយ៉ាន់ម៉ា មិនយល់ស្របនឹងការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះទេហើយយើងចង់ស្នើសុំមេដឹកនាំពិភពលោក,អង្គការសហប្រជាជាតិ,និងប្រព័ន្ធផ្សព្វផ្សាយពិភពលោក ជួយសង្គ្រោះប្រទេសរបស់យើង មេដឹកនាំរបស់យើង ប្រជាជនរបស់យើងពីទង្វើដ៏ជូរចត់នេះ។ យើងចង់បានលទ្ធិប្រជាធិបតេយ្យហើយចង់ឲ្យប្រទេសរបស់យើងអភិវឌ្ឍន៍ ដូចនឹងប្រទេសជិតខាង»។


សូមជម្រាបថា លោកស្រីអ៊ុងសានស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួន ដែលការចាប់ខ្លួននេះ បានកើតឡើង ចំពេលដែលភាពតានតឹង រវាងរដ្ឋាភិបាលស៊ីវិល និងយោធា បានបង្កការភ័យខ្លាច ចំពោះការធ្វើរដ្ឋប្រហារ។ក្រោយមកអំណាចរដ្ឋទាំងអស់ ត្រូវផ្ទេរឲ្យអគ្គបញ្ជាការកងទ័ពឧត្តមសេនីយ៍ មីន អ៊ុងឡាំង មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធទំនាក់ទំនងដូចជា៖ ទូរស័ព្ទ អ៊ីនធើណែត ទូរទស្សន៍ វិទ្យុ ត្រូវបានកាត់ផ្តាច់ទូទាំងប្រទេសភ្លាមៗផងដែរ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ