ក្រសួងសុខាភិបាល បានប្រកាសពីវិធានការបង្ការការពុលស្រាស ស្រាថ្នាំ និងការពុលចំណីអាហារ នៅក្នុងប្រទេសកម្ពុជាយើង។ នោះគឺក្រសួងសុខាភិបាល បានសម្គាល់ឃើញមានការកើតឡើងនូវករណីពុលស្រាស ស្រាថ្នាំ និងការពុលចំណីអាហារ បានកើតឡើងជារឿយៗ ដូចជា នៅខេត្តក្រចេះ បន្ទាយមានជ័យ មណ្ឌលគិរី និងនៅតាមបណ្តាលខេត្តមួយចំនួនទៀត ហើយក្នុងពេលថ្មីៗនេះ ក៏មានការផ្ទុះឡើងនូវការសង្ស័យពុលស្រាស និងការសង្ស័យពុលទឹក នៅខេត្តកំពង់ឆ្នាំង។

ក្រសួងសុខាភិបាល បានកត់សម្គាល់ថា ស្រាស និងស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ បានពិសានាពេលកើតហេតុកន្លងមក មានសារជាតិមេតាណុលកម្រិតខ្ពស់លើសពីកម្រិតធម្មតា ដែលបណ្តាលឲ្យក្អួត ចង្អោរ ស្រាវាំង ឬងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដងដង្ហើម និងអាចវិវត្តន៍ទៅស្លាប់។

វិធានការបង្ការ ដើម្បីជៀសផុតពីបបញ្ហាសុខភាពបណ្តាលមកពីការពុលស្រាស ស្រាថ្នាំ និងការពុលចំណីអាហារ ត្រូវបានក្រសួងសុខាភិបាល ប្រកាសអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ ដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងផលិតនៅក្នុងមូលដ្ឋានសហគមន៍មិនត្រឹមត្រូវ តាមក្បួនខ្នាតបច្ចេកទេស។ សូមបងប្អូនដាច់ខាតកុំយកសារធាតុមេតាណុល ទៅលាយធ្វើជាស្រាស ដែលបណ្តាលឲ្យមានការពុល និងស្លាប់ បាន។

ចំពោះវិធានការបង្ការការពុលចំណីអាហារ ក៏ត្រូវបានក្រសួងសុខាភិបាល លើកបង្ហាញថា ប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារ ដែលស្អាត និងឆ្អិនជានិច្ច។ ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់។ លាងសម្អាតបន្លែផ្លែឈើឲ្យបានស្អាតមុនបរិភោគ។ សំអាតសម្ភារៈប្រើសម្រាប់ចម្អិតម្ហូបបអាហារឲ្យបានត្រឹមត្រូវ។ ចម្អិតអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។ កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង។ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ។ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។ ប្រើប្រាស់ទឹក និងវត្ថុធាតុដើម ដែលមានសុវត្ថិភាព។ ទុកដាក់ថ្នាំសម្លាប់សត្វល្អិតឲ្យឆ្ងាយពីកន្លែង ដែលជាប្រភពទឹកប្រើប្រាស់ និងពីដៃក្មេង ហើយសូមកុំយកធុង ឬកំប៉ុង ដែលដាក់ថ្នាំបាញ់សម្លាប់សត្វល្អិត ឬដាក់សារធាតុគីមីផ្សេងៗ ទៅលាងនៅជិតប្រភពទឹកប្រើប្រាស់ ឬលាងបង្ហូរចូលក្នុងស្រះ ឬកន្លែង ដែលជាប្រភពយកទឹក មកប្រើនោះ ឲ្យសោះ។

ក្រសួងសុខាភិបាល ក៏បានកត់សម្គាល់ថា បើមានបញ្ហានៃការពុលស្រាស ស្រាថ្នាំ ឬការពុលចំណី អាហារ ឬមានរោគសញ្ញា ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យ និងព្យាបាល ជាបន្ទាន់ នៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់លោកអ្នក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ