អាមេរិក ៖ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាបង្ខំមនុស្ស១៤០០០នាក់ ជម្លៀសខ្លួន ខណៈព្រះអគ្គិលេបត្របាក់ផ្ទះសម្បែងជាច្រើនខ្នង ស្របពេលស្ថានភាពកាន់តែគ្រោះថ្នាក់។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

មនុស្សជាង២៥លាននាក់នៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ស្ថិតនៅក្រោមការព្រមានសម្រាប់លក្ខខណ្ឌភ្លើងឆាបឆេះកាន់តែធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត។ អគ្គិភ័យបានចាប់ឆាបឆេះកាលពីថ្ងៃពុធនៅក្នុងតំបន់ Ventura ភាគពាយព្យនៃទីក្រុងឡូសអាន់ជ័រឡេស ហើយបានឆាបឆេះយ៉ាងលឿនលើផ្ទៃដីជាង១៤០០០ហិកតា ដោយសារ តែកម្លាំងខ្យល់បក់ខ្លាំងខណៈមន្ត្រីពន្លត់អគ្គិភ័យ បានអង្វរប្រជាពលរដ្ឋឱ្យចាកចេញពីផ្ទះជាបន្ទាន់។ អ្នកពន្លត់អគ្គិភ័យយ៉ាងហោចណាស់៨០០នាក់ត្រូវបានចាត់តាំងឱ្យគ្រប់គ្រងគ្រោះមហន្តរាយនេះ។

លោក Dustin Gardnerប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យនៃតំបន់ Ventura បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«នៅពេលដែលអ្នកទទួលបានបញ្ជាជម្លៀសនោះ អ្នកត្រូវចាកចេញ នាំក្រុមគ្រួសាររបស់អ្នកទៅកាន់កន្លែងសុវត្ថិភាព»។ ខ្យល់បក់ខ្លាំង គួបផ្សំនឹងលក្ខខណ្ឌស្ងួតខ្លាំង បានធ្វើឱ្យរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងត្រូវភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា មូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់កំណត់បាននៅឡើយទេ ប៉ុន្តែមន្ត្រីជំនាញនឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ។ គ្មានអ្នកស្លាប់ ឬអ្នកបាត់ខ្លួនត្រូវបានគេរាយការណ៍ទេ ប៉ុន្តែមន្ត្រីបានអះអាងថា មនុស្សមួយចំនួនបានរងរបួស ដោយខ្លះបានឈ្លក់ផ្សែង ស្របពេលដែលសាលារៀនទាំងអស់នៅក្នុងតំបន់ Ventura ត្រូវបានបិទ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ