លោកឧបនាយករដ្ឋមន្រ្តី ស សុខា ៖ គ្រប់រាជធានី-ខេត្តត្រូវសម្អាតផ្លូវជាប់ជាប្រចាំ កុំចាំតែសម្អាតពេលថ្នាក់ដឹកនាំឆ្លងកាត់
ភ្នំពេញ ៖ ដោយសារមើលឃើញបញ្ហាអនាម័យនៅតាមបណ្តោយផ្លូវនានាពុំមានសោភ័ណ្ឌភាពស្រសស្អាត លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យគ្រប់អភិបាលរាជធានី-ខេត្តត្រូវសម្អាតផ្លូវជាប់ជាប្រចាំ កុំចាំបាច់សម្អាតរាល់ពេលមានថ្នាក់ដឹកនាំឆ្លងកាត់ ។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»នាថ្ងៃ១៣ កុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី ស សុខាបានមានប្រសាសន៍ថា រាល់ពេលលោកបានធ្វើដំណើរចុះបេសកកម្មនៅតាមបណ្តាខេត្តនានាគឺបញ្ហាអនាម័យនៅតាមស្ពាន ឬរង្វង់មូលជាដើមនោះមានទឹកដក់ ឬកម្អែលដីជាប់នៅលើកម្រាលផ្លូវយ៉ាងក្រាស់ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដោយសារពេលភ្លៀងធ្លាក់នឹងមានដីជាប់ម៉ូតូ ឬរថយន្តនាំឲ្យរអិល ។
លោកថា កាលណាមានទឹកដក់ និងកម្អែលដីជាប់ក្រាស់នេះ នឹងធ្វើឲ្យគុណភាពផ្លូវ និងស្ពានឆាប់ខូចខាតមុនអាយុកាលកំណត់ ។ ដូច្នេះចំណុចនេះ ត្រូវពិនិត្យឡើងវិញ។
លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ឲ្យតែមានថ្នាក់ដឹកនាំឆ្លងកាត់ផ្លូវណាគឺផ្លូវនោះស្អាត ខ្ញុំអត់ចង់ឲ្យមានគំនិតចឹងទេ ។ ប៉ុន្មានថ្ងៃមុន ថ្នាក់ដឹកនាំបានឆ្លងកាត់ផ្លូវជាតិលេខ១ ព្រៃវែង ស្វាយរៀងដឹងតែស្អាត។ ប៉ុន្តែជារួមយើងអត់ចង់បានចឹងទេ ឲ្យយើងសម្អាតជាប្រចាំជាពិសេសកន្លែងសាមញ្ញៗមួយចំនួន ទីប្រជុំជន រង្វង់មូល លើស្ពាន”។
ចំពោះបញ្ហាអនាម័យលើសម្រាមវិញ លោកឧបនាយករដ្ឋមន្រ្តីក៏ឲ្យអភិបាលរាជធានី-ខេត្តត្រូវពិនិត្យនិងគ្រប់គ្រងឡើងវិញផងដែរ ដើម្បីភាពស្រសស្អាតនៅតាមដងផ្លូវ៕