លោក ដូណាល់ ត្រាំ បដិសេធ ការជជែកដេញដោលជាមួយលោកស្រី កាម៉ាឡា ហារីសនៅមុនការបោះឆ្នោតសកលថ្ងៃទី៥ខែវិច្ឆិកាខាងមុខ
អាមេរិក៖ បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ខែតុលាបានបញ្ជាក់ថា លោកនឹងមិនព្រមធ្វើការជជែកដេញដោលម្ដងទៀតឡើយ នៅមុនការបោះឆ្នោតសកលថ្ងៃទី៥ខែវិច្ឆិកាខាងមុខ បើទោះជាធ្លាប់មានស្ថានីយទូរទស្សន៍ចំនួន២គឺ CNN និង Fox News ធ្លាប់ស្នើឲ្យលោកតតាំងសម្ដីជាមួយលោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ ជាលើកទី២ក៏ដោយ។
Fox News បានអញ្ជើញលោក ត្រាំ និងលោកស្រី ហារីស ឲ្យជជែកដេញដោលសាជាថ្មី ដោយគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៤ ឬថ្ងៃទី២៧ខែតុលា តែត្រូវលោក ត្រាំ បដិសេធ។ ចំណែកឯសំណើដែល CNN ចង់ឲ្យមានការជជែកដេញដោលរវាងបេក្ខភាពប្រធានាធិបតីទាំង២រូបនៅថ្ងៃ២៣ខែតុលា ក៏ត្រូវលោក ត្រាំ ច្រានចោលផងដែរ។
លោក ត្រាំ និងលោកស្រី ហារីស ធ្លាប់បានជជែកដេញដោលគ្នាម្ដងគត់ គឺនៅថ្ងៃទី១០ខែកញ្ញាកន្លងទៅ ហើយសម្លេងគាំទ្រតាមរយៈការស្ទង់មតិរវាងអ្នកទាំង២ក៏ប្រកៀកប្រកិតគ្នាណាស់ដែរ។
អតីតប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «វានឹងមានការប្រកួតម្ដងទៀតទេ។ ដូច្នោះគ្មានអ្វីទៀតដែលត្រូវជជែកដេញដោលឡើយ» ដោយបន្ថែមថា វាយឺតពេលណាស់ទៅហើយ ក្នុងការរៀបចំដំណើរការឲ្យមានការជជែកដេញដោលនាពេលឥឡូវនេះ។
សូមបញ្ជាក់ថា មុនជជែកដេញដោលជាមួយលោកស្រី ហារីស លោក ត្រាំ ធ្លាប់ប្រកួតថ្វីមាត់ម្ដងរួចមកហើយជាមួយលោក ចូ បៃដិន កាលពីចុងខែមិថុនា។ លោក បៃដិន បានប្រកាសមិនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ ហើយប្រគល់តួនាទីនេះឲ្យទៅលោកស្រី ហារីស ដែលជាអនុប្រធានាធិបតីអាមេរិកនាពេលបច្ចុប្បន្ន ក្រោយលោកធ្វើមិនល្អទាល់តែសោះអំឡុងពេលជជែកដេញដោលជាមួយលោក ត្រាំ៕SP
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង