អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ គិតមកដល់នេះ ច្រកចេញចូលតែមួយនៅរាជធានី-ខេត្ត ទទួលចំណូលជាង ៣០០ពាន់លានរៀល
ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា គិតចាប់ពីពេលដាក់ឱ្យដំណើរការ រហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី-ខេត្ត ផ្តល់សេវាចំនួន ២.១០០.៨៤៤សេវា លើ ១៤វិស័យ ទទួលចំណូលសរុបចំនួន ៣០៣.០៣៤.៨២៤.១០៩រៀល។
នាឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» ដឹកនាំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលប្រព្រឹត្តទៅនៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ លោក ខៀវ សុភ័គ បានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នេះ ត្រូវបានដាក់ឱ្យដំណើរការនៅពាក់កណ្តាល ឆ្នាំ២០១៨។
លោក មានប្រសាសន៍ថា «គិតចាប់ពីពេលដាក់ឱ្យដំណើរការរហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្តទាំង ២៥ ផ្តល់សេវាបាន ២.១០០.៨៤៤សេវា លើ ១៤វិស័យ ទទួលបាន ចំណូលសរុប ៣០៣.០៣៤.៨២៤.១០៩រៀល»។
លោក បន្ថែមថា ដោយឡែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ៖ បច្ចុប្បន្នមានចំនួន ២០៤ការិយាល័យ ក្នុងនោះ គិតពីឆ្នាំ២០១៨ ដល់ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យទាំងនេះ ផ្តល់សេវាបាន ៧.៦៧០.៤៨៣ សេវា លើ ១៧វិស័យ ទទួលបានចំណូលសរុប ៧៨.៩២២.៦៨៥.០៥៨រៀល៕EB