ផ្សោតប្រភេទថ្មីវ័យជំទង់ ១ក្បាល បានស្លាប់នៅខេត្តកំពត ខណៈក្រុមការងារអភិរក្សកំពុងស្រាវជ្រាវរកមូលហេតុ
កំពត ៖ សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល ត្រូវបានគេប្រទះឃើញស្លាប់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានខេត្តកំពត។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រុមបច្ចេកទេសផ្នែកអភិរក្សថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC)។
បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកមិញ ក្រុមបច្ចេកទេសផ្នែកអភិរក្សថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានសហការ ជាមួយគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ ខេត្ដកំពត ធ្វើការពិនិត្យនិងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។
បើតាមក្រុមការងារអភិរក្ស, វត្ដមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងនៅក្នុងដែនសមុទ្រប្រទេសកម្ពុជាជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកនិងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់ មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា។
ក្រុមការងារបច្ចេកទេស ក៏នឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលាយនិងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ៕