ឯកអគ្គរាជទូតហូឡង់ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Remco Johannes an Wijngaarden ឯកអគ្គរាជទូតហូឡង់ ប្រចាំកម្ពុជា (មាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈទូតហូឡង់ ប្ដេជ្ញាបន្តពង្រីកកិច្ចប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។
ក្នុងឱកាសនៃជំនួប លោកឯកអគ្គរាជទូត បានអបអរសាទ សម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច។
លោកឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។
សម្ដេចបវរធិបតី បានលើកទឹកចិត្តលោកឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។
សម្ដេចបវរធិបតី និងលោក ឯកអគ្គរាជទូតបានកត់សម្គាល់ដោយការពេញចិត្តចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតី និងឯកឧត្តមអគ្គរាជទូតក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
សម្ដេចបវរធិបតី បានចែករំលែកជូន លោកឯកអគ្គរាជទូត អំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលេីកទឹកចិត្តនានា ប្រកបដោយភាពទាក់ទាញ និងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៍ដូចជាធានានូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកអគ្គរាជទូត បានគូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើងក្នុងការវិនិយោគនៅប្រទេសកម្ពុជាដែរ ហើយរាជរដ្ឋាភិបាលហូឡង់ នឹងបន្តគាំទ្រក្រុមហ៊ុនឯកជនហូឡង់ មកវិនិយោគនៅកម្ពុជា។
សម្ដេចបវរធិបតី និងលោកឯកអគ្គរាជទូត បានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ៕