ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងឱ្យដឹងថា ក្នុងក្របខណ្ឌអាស៊ាន ទាំងពេលបច្ចុប្បន្ន និងអនាគត ស្ត្រី នឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ។

ក្នុងកិច្ចប្រជុំកំពូលស្ដ្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ដ្រីនៅក្នុងអាស៊ាន» នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អាស៊ាន គឺជាតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី។ សេដ្ឋកិច្ច នៃបណ្តាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំង លើសហគ្រាសធុនមីក្រូ, តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។

សម្ដេចតេជោ បន្ដថា ជាក់ស្ដែង កម្ពុជាមានសហគ្រាស ធុនមីក្រូ, តូច និង មធ្យម រហូតដល់ទៅ ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែក ដល់សេដ្ឋកិច្ចជាតិ ប្រមាណ ៥៨% និងបានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប។ ក្នុងនោះ ស្ត្រី គឺជាអ្នកបង្កើត និង គ្រប់គ្រងប្រមាណ ៦១% នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ, តូច និង មធ្យម ។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់ និងជំរុញការលើកតម្កើង ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការលើក កម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និងគ្រប់កម្រិត។

សម្ដេចតេជោ បានបញ្ជាក់ថា «ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និងទៅអនាគត ស្ត្រី នឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្ត្រី និងការចូលរួមសហការដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ ជាក់ស្ដែង សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាននិងកំពុង ប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ »។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា ម្យ៉ាងវិញទៀត, ស្ត្រីភាគច្រើន ចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ, កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ