ខេត្តពោធិ៍សាត់ ៖លោកកែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹង នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ថា ស្ថានភាពជំនន់ទឹកជំនន់នៅខេត្តពោធិ៍សាត់មានការធូរស្បើយជាបណ្តើរៗហើយ ដោយបច្ចុប្បន្នស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់់៤.៣៦ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន គឺកម្ពស់៥ម៉ែត្រ។ ចំណែកឯស្ទឹងក្រវាញវិញ មានកម្ពស់៣.៣៩មែត្រ និងស្ទឹងវាលវែងមានកម្ពស់១.៤០ម៉ែត្រ(កំពស់ប្រកាសអាសន្ន១០ម៉ែត្រ)។ 

លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបញ្ជាក់ថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ ពោលគឺនៅស្ទឹងធំៗទាំង៣ មិនមានភ្លៀងធ្លាក់ទេ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ក៏ពុំមានបញ្ហាទៀតនោះដែរ។

ក្នុងអំឡុងពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងស្រុកកណ្ដៀង លោកឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ក្នុងឆ្នាំ២០២២នេះ មិនមែនកើតមានតែនៅខេត្តពោធិ៍សាត់តែមួយនោះទេ គឺកើតមានស្ទើរតែគ្រប់ខេត្ត។ ជាក់ស្ដែង សម្រាប់ខេត្តពោធិ៍សាត់ គឺមានក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ដែលរងប៉ះពាល់ខ្លាំងជាងគេ។ ពោល ទឹកជំនន់បានលិចលង់ផ្លូវថ្នល់ ប៉ះពាល់ដល់លំនៅឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

លោកបានបន្ថែមថា អាជ្ញាធរបានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប រួមមាន៖ អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងភូមិ កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមទាំងកម្លាំងយុវជនស្ម័គ្រចិត្ត បានជួយអន្តរាគមន៍បានទាន់ពេលវេលា ពុំមានផលប៉ះពាល់ធ្ងន់ធរ ដល់អាយុជីវិតប្រជាពលរដ្ឋ ឬសត្វពាហៈនៈឡើយ។

លើសពីនេះ លោកអភិបាលរងខេត្តពោធិ៍សាត់គូសបញ្ជាក់ថា បញ្ហាបន្ទាន់នៅចំពោះមុខ គឺនៅពេលទឹកស្រកវិញ មន្ទីរជំនាញ រួមទាំងប្រជាពលរដ្ឋត្រូវរួមគ្នាទប់រក្សាទឹកទុក តាមប្រឡាយមេ ប្រឡាយរង ស្រះ ឬស្រែឱ្យនៅគង់វង្ស ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងខិតខំស្វែងរកស្រូវពូជ មកផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពស្តារការបង្កបង្កើនផលឡើងវិញ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលសម្ពាធទាប (ITCZ) និងមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បានបណ្ដាលឱ្យភូមិសាស្រ្តខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩  ខែតុលា ឆ្នាំ២០២២ រងគ្រោះដោយសារទឹកជំនន់ដងស្ទឹងពោធិ៍សាត់ ដែលបង្កឱ្យមានការជន់លិចមួយចំនួននៅក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។យ៉ាងហោចណាស់ដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមាណជាង៩០០ហិកតាត្រូវរងការខូចខាត និងប្រជាពលរដ្ឋប្រមាណជាង១,៤០០គ្រួសារ ត្រូវរងការប៉ះពាល់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ