ញូវដេលី៖ អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងនៅថ្ងៃចន្ទនេះថាចំនួនមនុស្សស្លាប់នៅក្នុងហេតុកា​រណ៍​បាក់​ស្ពានមួយកន្លែង នៅក្នុងរដ្ឋ Gujarat ស្ថិតនៅភាគខា​ងលិចនៃប្រទេសបានកើនដល់ ១២០​នាក់ហើយ។នេះបើតាមការបញ្ជាក់របស់សារព័ត៌មានAFPចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០​២២។

 

មនុស្សជាង ៤០០នាក់ ត្រូវបានគេរាយការណ៍ថាបានស្ថិតនៅលើស្ពានឆ្លងទន្លេ ម៉ាឈូ (Machhu) ស្ថិតនៅក្នុងទីក្រុង ម័រប៊ី (Morbi) កាលពីថ្ងៃអាទិត្យ នៅពេល ដែលស្ពាននេះបានបាក់រលំ។ ថ្លែងប្រាប់ AFP មន្ត្រីក្នុងតំបន់ម្នាក់បានបញ្ជាក់ដូច្នេះថា «យើងបានរកឃើញសាកសពមនុស្ស ១២០នាក់ហើយ មកទល់នឹងពេលនេះ រីឯចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈប្រតិបត្តិការជួយសង្រ្គោះ​កំពុងបន្តធ្វើឡើងនៅឡើយ»

 

គួរបញ្ជាក់ថា ស្ពានខាងលើមានទីតាំងស្ថិតនៅក្នុងទីក្រុង Morbi ស្ថិតនៅចម្ងាយប្រហែលជា ២០០គីឡូម៉ែត្រពីទីក្រុង អះម៉េដាបាដ (Ahmedabad) នៃរដ្ឋ ហ្គូចារ៉ាត់ ប៉ុន្តែ មិនទាន់មានការ​បញ្ជាក់ពីមូលហេតុបណ្ដាលឱ្យស្ពានប្រវែង ២៣០ម៉ែត្រនេះដែលសាងសង់ក្នុងស.វទី១៩ បាក់រលំនៅឡើយទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ