គុយបា  ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អង្ករ ៦ពាន់តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា។ ការប្រកាសផ្តល់ជំនួយអង្ករនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ និងលោក Miguel Diaz-Canel ប្រធានាធិបតីគុយបា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោ  នាយករដ្ឋមន្ត្រី បានឱ្យដឹងថា អង្ករ ៦ពាន់តោននេះ មាន ៣ពាន់តោន ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយ ៣ពាន់តោនទៀតជាជំនួយរបស់វិស័យឯកជន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អង្ករ៦ពាន់តោននេះ នឹងដឹកចេញពីកម្ពុជានៅខែតុលា ហើយដឹកដល់ប្រទេសគុយបានៅក្នុងខែធ្នូ។

លោកប្រធានាធិបតីគុយបា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងវិស័យឯកជនរបស់កម្ពុជាសម្រាប់ការផ្តល់ជំនួយជាអង្ករនេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសគុយបា។ កម្ពុជា និងគុយបា មានទំនាក់ទំនងគ្នា៦២ឆ្នាំហើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងប្រមាណ ៤៣ឆ្នាំចុងក្រោយនេះ ជាដំណាក់កាលសម្តេចបានប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងនេះ។ សម្តេចតេជោ ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេះរួចម្តងមកហើយនៅឆ្នាំ១៩៩៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ