ភ្នំពេញ ៖ សហព័ន្ធសូ្រវអង្ករកម្ពុជា បានឱ្យដឹងថា កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៣០ វិច្ឆិកា បានបញ្ជាក់ថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា បានឈ្នះក្តីក្នុងសំណុំរឿងលេខT-269/19 ដែលគណៈកម្មការអឺរ៉ុប បានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្តលេខ2019/76 ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។

សហព័ន្ធ បន្ថែមថា សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌ សម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែង ដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។

សហព័ន្ធ បន្ដថា សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុប មកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា «ជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

សូមរំលឹកថា សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករដែលនាំចូលពីប្រទេសកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ ដោយឆ្នាំដំបូង ឆ្នាំ២០១៩ តម្លៃពន្ធមានចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ គឺឆ្នាំ២០២០ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ ឆ្នាំ២០២១ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ