ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជា នាំចេញអង្ករបាន ៣៣ម៉ឺនតោន ទទួលចំណូល ២២៩លានដុល្លារ ខណៈការនាំចេញស្រូវជាង ២.២លានតោន ស្មើទឹកប្រាក់ ៥៧៨លានដុល្លារ
ភ្នំពេញ ៖ ឆមាសទី១ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣២៩,៦៣៣តោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន ៥០ ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨,៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន៨៨.៩៦លានដុល្លាសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ បានចំនួន ១២២,១១៧ តោន គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧លានដុល្លាសហរដ្ខអាមេរិក ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤បរិមាណចំនួន ២៨,១១០ តោន គិតជាទឹកប្រាក់មានចំនួន ១៨.៨៧លានដុល្លាសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងៗ នៅអាហ្វ្រិក មជ្ឈឹមបូព៌ា -ល-និងចំនួន២១ គោលដៅបានបរិមាណចំនួន ៤១,០៤២ តោន គិតជាទឹកប្រាក់មានចំនួន៣៤.៧៣លានដុល្លាសហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា ក្នុងឆមាសទី០១នេះ ទីផ្សារក្នុងប្រទេសអាស៊ានមានតម្រូវការកាន់តែច្រើនឡើងរួមមាន ហ្វីលីពីន និង ព្រុយណេ។ ក្នុងនោះដែរអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៥.០៨% អង្ករសគ្រាប់វែង ១១.៣៤% អង្ករសគ្រាប់ខ្លីចំនួន ០.១៤% អង្ករចំហ៊ុយ ២.៤២% អង្ករសរីរាង្គចំនួន ១.០២%។
ចំណែកការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង ចំនួន ២ ២២៤ ៩១៣ តោន គិតជាទឹកប្រាក់សរុបនៃការនាំចេញស្រូវចំនួន ៥៧៨.៦៧ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះចំនួន ៥៥% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕EB