កំពង់ស្ពឺ៖មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ សម្រេចបិទជាបណ្ដោះអាសន្ន មន្ទីរសម្រាកព្យាបាល និង​សម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការស្រាវជ្រាវបន្ថែម បន្ទាប់ពីរំលូតកូនស្ដ្រីម្នាក់ដែលស្លាប់ក្នុងផ្ទៃ បណ្ដាលឲ្យជនរងគ្រោះវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

 បើតាមលោកវេជ្ជបណ្ឌិត ហុក គ្រី បច្ចុប្បន្ននេះស្ដ្រីដែលបានទៅរំលូតកូនស្លាប់ក្នុងផ្ទៃ នៅមន្ទីរស​ម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ហើយវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរនោះ កំពុងត្រូវបានសង្គ្រោះ​នៅមន្ទីរពេទ្យកាល់ម៉ែត។

 គួរជម្រាបថា អ្នកជំងឺឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់​រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២​ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរ​បស់គ្លីនិក​បានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេ​លមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

 លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញា​ឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយ​អាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ