ហ្វីលីពីន៖ ក្រុមមន្រ្តីហ្វីលីពីនបានលើកឡើងនៅព្រឹកថ្ងៃអង្គារទី៣ ខែមករា ឆ្នំា២០២៣នេះថា តួលេខអ្នកស្លាប់ដោយសារតែទឹកជំនន់ បង្កឱ្យមានការរអិលបាក់ដីកាលពីពេលថ្មីៗនៅក្នុងប្រទេសហ្វីលីពីននេះបានកើនឡើងដល់៥១នាក់ហើយ ខណៈការជួយសង្គ្រោះ និងសកម្មភាពរុករកអ្នកបាត់ខ្លួននៅតែបន្តធ្វើរហូតមកទល់នឹងព្រឹកថ្ងៃនេះ។
ដោយឡែកអាជ្ញាធរមូលដ្ឋានវិញ បានធ្វើការចែកចាយកញ្ចប់ស្បៀងអាហារជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ខ្លំាងជាងគេ ជាពិសេសនៅក្នុងតំបន់ភាគខាងត្បូង និងភាគកណ្តាលប្រទេសហ្វីលីពីន ស្របពេលមានសេចក្តីរាយការណ៍តាមរយៈបណ្តាញផ្សព្វផ្សាយក្នុងស្រុកបានលើកឡើងបន្តទៀត អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកបាត់ខ្លួននៅសល់ចំនួន១៩នាក់ទៀត ដែលនៅមិនទាន់រកឃើញនៅឡើយ។
ដោយយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារំាង(AFP) បានឱ្យដឹងបន្ថែមនៅព្រឹកនេះថា មានប្រជាពលរដ្ឋហ្វីលីពីនប្រមាណជា២សែន៧ម៉ឺននាក់កំពុងតែស្វះស្វែងរកទីទួលសុវត្ថិភាពនិងជម្រកជាបន្ទាន់ ខណៈទឹកភ្លៀងនៅតែបន្តបង្អុរធ្លាក់ចុះធ្វើឱ្យជន់លិចលង់នៅក្នុងភូមិដ្ឋានពលរដ្ឋជាច្រើនកន្លែង បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋច្រើនជាង៤,៥០០ខ្នងរងការខូចខាត និងផ្ទៃដីកសិកម្មប្រមាណជា៧,០០០ហិកតាខូចខាតយ៉ាងដំណំ៕
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់