ឧទ្ធម្ភាគចក្ររុស្ស៊ី៣គ្រឿងត្រូវបានបាញ់ទម្លាក់ ត្រឹមរយៈពេល៣០នាទីក្នុងឱកាសខួប១១ ខែនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
អ៊ុយក្រែន៖ យោធាអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៊ីចំនួន ៣គ្រឿង ក្នុងរយៈពេល៣០នាទីក្នុងឱកាសខួប១១ ខែនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែនបានឲ្យដឹង នៅក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារថា ឧទ្ធម្ភាគចក្រធុន Ka-52 ចំនួន ៣គ្រឿង ដែលហៅថា “ឧទ្ធម្ភាគចក្រវាយប្រហារទំនើបបំផុត” របស់រុស្ស៊ីនៅក្នុងអត្ថបទរបស់ Forbes ឆ្នាំ២០២០ត្រូវបានកម្ទេចនៅក្នុងតំបន់ Donetsk ក្នុងរយៈពេលតិចជាង ៣០ នាទី។
ការបង្ហោះបានឲ្យដឹងថា “ក្នុងអំឡុងពេលថ្ងៃទី២៤ ខែមករា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រធុន Ka-52 របស់រុស្ស៊ីចំនួន ៣គ្រឿងក្នុងរយៈពេល ៣០នាទី” ។“យន្តហោះនេះកំពុងបំពេញបេសកកម្មនៅតំបន់ជុំវិញ Yevhenivka ។ អ្នកការពារអ៊ុយក្រែនក៏បានបាញ់ទម្លាក់ យន្តហោះរុស្ស៊ី Su-25 ចំនួន១គ្រឿងនៅតំបន់ជុំវិញ Bakhmutផងដែរ”។
ឧទ្ធម្ភាគចក្រទាំងអស់ត្រូវបានបំផ្លាញដោយកាំជ្រួច ប្រឆាំងយន្តហោះក្នុងអំឡុងពេលកន្លះម៉ោងដំបូង នៃថ្ងៃទី២៤ ខែមករា ដែលជាខួបគម្រប់ ១១ ខែនៃសង្គ្រាម នេះបើតាមការបង្ហោះ របស់កងទ័ពអាកាសអ៊ុយក្រែន៕