ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃ២៣ កក្កដាខាងមុខនេះ កម្ពុជាបានចំណាយថវិកា ជាង៥០លានដុល្លារ ។

បើតាមលោក ហង្ស ពុទ្ធាដដែល នៅក្នុងឱកាសចុះពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត ជាង១៣លានសន្លឹកនៅព្រឹកថ្ងៃ១៥ មិថុនានេះ ក្រៅពីការចំណាយថវិកាសរុបជាង៥០លានដុល្លារលើការបោះឆ្នោតទាំងមូលហើយនោះ ក៏បានចាយជាង២លានដុល្លារក្នុងការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក ផងដែរ ។ សម្រាប់ទឹកខ្មៅជ្រលក់ដៃបញ្ជាទិញពីឥណ្ឌាវិញ គឺលោកថា ជាង៥ម៉ឺន២ពាន់ដប ។


អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ចំពោះសន្លឹកឆ្នោតបោះពុម្ព ចែកចេញជា២ប្រភេទ ដោយប្រភេទទី១ ជាប្រភេទសន្លឹកឆ្នោត ដែលនឹងបញ្ជូន ទៅការិយាល័យបោះឆ្នោត ជាង២៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង ១លាន ២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការ ខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុង ដើម្បីដោះស្រាយបញ្ហាជាយថា ហេតុណាមួយ ដែលអាចនឹងកើតឡើង ។

លោកបន្តថា សន្លឹកឆ្នោតបោះពុម្ពរួចរាល់បាន១១ខេត្តហើយ ក្រោយពីរោងពុម្ពបានចាត់តែង បោះពុម្ពកាលពីថ្ងៃ១ មិថុនា ហើយនឹងបញ្ចប់នៅថ្ងៃ១៥ កក្កដា ។ ជាមួយគ្នានេះ មន្ត្រីជំនាញរបស់គ.ជ.ប បានត្រៀមរៀបចំកម្លាំងដើម្បីទៅយាមការពារនៅកន្លែងទីតាំងបោះពុម្ពសន្លឹកឆ្នោតផងដែរ។ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គំរូសន្លឹកឆ្នោតសម្រាប់បោះពុម្ពបានបញ្ជូនទៅដល់រោងពុម្ពហើយ។


សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ កាលពីថ្ងៃទី២៩ ខែឧសភា គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ