សម្ដេចតេជោ ហ៊ុន សែន ៖ ល្បិចកលក្រុមប្រឆាំងធ្វើឲ្យ សម្ដេច ដកបទពិសោធន៍ ដើម្បីការពារសុខសន្ដិភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ល្បិចកលរបស់ក្រុមប្រឆាំង តែងតែវាយប្រហារមកលើកកម្ពុជានោះធ្វើឲ្យ សម្ដេច បានសិក្សាបន្ថែម ឬដកបទពិសោធន៍ ដើម្បីទប់ទល់ចំពោះអ្នកឯង សំដៅការពារសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។
នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះកូនៗរបស់ សម្ដេច ដែលពួកគេ បានស្ដាប់ដំបូន្មានរបស់ សម្ដេច ធ្វើឲ្យ សម្ដេច ក្លាយជាឪពុកអប់រំកូនបានល្អ។ សម្ដេច ថា រឿងនេះមិនអាចកាត់ផ្ដាចបានទេជាមួយការគាំទ្រពី ភរិយា របស់សម្ដេច និងកូនៗ ព្រមទាំង អ្នកទាំងអស់គ្នា។
សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះសត្រូវរបស់ខ្ញុំ ឬដៃគូរប្រកួតប្រជែងរបស់ខ្ញុំផងដែរ ដោយសារតែពួកគេ ទើបផ្ដល់ឱកាសខ្ញុំ បានខិតខំខ្លួនថា តើខ្ញុំគួរធ្វើយ៉ាងម៉េច? ដើម្បីហ្នឹងឈ្នះអ្នកឯង និយាយតាមមួយបែប ឬខ្ញុំគួរធ្វើយ៉ាងម៉េច? ដើម្បីកុំឲ្យអ្នកឯងបំផ្លាញសន្ដិភាព និងការអភិវឌ្ឍប្រទេសជាតិ ខ្ញុំ គួរតែអរគុណចំពោះអ្នកឯង ដែលអ្នកឯងបានផ្ដល់ឱកាសឲ្យខ្ញុំ ប្រុងប្រយ័ត្នចំពោះអ្នកឯង តាមរយៈនៃការប្រុងប្រយ័ត្ននោះហើយ ដែលផ្ដល់ឲ្យខ្ញុំសិក្សាបន្ថែម ដកពិសោធន៍អំពីល្បិចកលរបស់អ្នកឯង និងដើម្បីទប់ទល់ចំពោះអ្នកឯង សំដៅការពារនូវសន្ដិភាព ស្ថិរភាពនយោបាយ និងការពារជីវិតរបស់ប្រជាជនកម្ពុជា»។
សម្ដេចតេជោ បានបន្ដថា ដរាបណា សម្តេច នៅមានដង្ហើម សម្តេចនឹងបន្តការសិក្សាជាបន្តទៀត។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។ ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត៕