អាមេរិកថា ក្រុមតាលីបង់នឹងមានការខាតបង់ប្រសិនបើមិនដកបម្រាម«មិនឱ្យចូលរៀននៅសាកលវិទ្យាល័យ»
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមតាលីបង់កំពុងដាក់ទោសស្ត្រីអាហ្វហ្គានីស្ថានទៅរកអនាគតដ៏ខ្មៅងងឹតដោយគ្មានឱកាសធ្វើអ្វី ដោយបានដាក់បម្រាមលើពួកគេមិនឱ្យចូលរៀននៅសាកលវិទ្យាល័យ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក Blinken និយាយថា រដ្ឋបាលគ្រប់គ្រងដោយក្រុមតាលីបង់នឹងបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយពិភពលោក លុត្រាតែក្រុមសកម្មប្រយុទ្ធដកចេញបម្រាមនេះ។ លោកបាននិយាយអំពីការហាមឃាត់ដែលបាន ប្រកាសកាលពីថ្ងៃអង្គារថា «វានឹងមានការខាតបង់ប្រសិនបើបម្រាមនេះមិនត្រូវបានដកចេញ»។ ស្ត្រីមួយក្រុមបានចេញធ្វើបាតុកម្មនៅជិតសាកលវិទ្យាល័យទីក្រុងកាប៊ុល បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមតាលីបង់ក្នុងការបិទសាកលវិទ្យាល័យសម្រាប់និស្សិតស្រី។
និស្សិតស្រីនៅសាកលវិទ្យាល័យត្រូវបានគេឲ្យចាកចេញពីបរិវេណសាកលវិទ្យាល័យ បន្ទាប់ពីរដ្ឋបាលគ្រប់គ្រងដោយក្រុមតាលីបង់បាននិយាយកាលពីថ្ងៃអង្គារថា ស្ត្រីនឹងត្រូវផ្អាកការសិក្សានៅថ្នាក់ឧត្តមសិក្សារហូតដល់មានការជូនដំណឹងជាថ្មី។
បាតុករជាស្ត្រីប្រហែល ៥០នាក់បានប្រមូលផ្តុំគ្នា ខណៈដែលកាន់បដា និងស្រែកថា «ការអប់រំគឺជាសិទ្ធិរបស់យើង សាកលវិទ្យាល័យត្រូវតែត្រូវបានបើក»។ ក្រុមអ្នកការទូតនិយាយថា ប្រតិកម្មតបទៅនឹងការរឹតបន្តឹងលើការអប់រំសម្រាប់ស្ត្រី កំពុងធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលដឹកនាំដោយក្រុមតាលីបង់ ដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការ និងការដកទណ្ឌកម្មដែលកំពុងរារាំងសេដ្ឋកិច្ចប្រទេសអាហ្វហ្គានីស្ថាន។ ការតវ៉ាទ្រង់ទ្រាយធំបានក្លាយជារឿងកម្រនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានចូលគ្រប់គ្រងប្រទេសនេះ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង