សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមលេងកម្សាន្តថ្ងៃពិធីបុណ្យអុំទូកឲ្យបានច្រើនកុះករ បន្ទាប់ពីខកខានប៉ុន្មានឆ្នាំមកនេះ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ចូលរួមលេងកម្សាន្តពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីខកខានប៉ុន្មានឆ្នាំមកនេះ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅថ្ងៃទី ២៦ ខែវិច្ឆិកា នឹងស្តេចយាងក្នុងព្រះរាជពិធីកាត់ព្រ័ត្រ នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។
នាឱកាសអញ្ជើញជាអធិបតីពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ កម្ពុជា នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រខែ និងអកអំបុក បន្ទាប់ពីខកខានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ សូមអញ្ជើញពុទ្ធបរិស័ទ ដូចជា ជនរួមជាតិទាំងអស់ ចូលរួមអបអរសាទរ និងសប្បាយរីករាយឲ្យបានច្រើនកុះករ នៅក្នុងពិធីបុណ្យជាតិរបស់យើងខាងលើនេះ ទាំងនៅរាជធានីភ្នំពេញ ទាំងនៅតាមបណ្ដាខេត្តទាំងអស់ ដែលនឹងរៀបចំឡើង»។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះ មានទូកអុំ ចំនួន ១៥៨ទូក, ទូកចែវបុរស ៤២ទូក, ទូកចែវនារី ១ទូក ,ទូកខ្នាតអន្តរជាតិបុរស ចំនួន ១៣៥ទូក នារី ២ទូក, មានចំណុះទូកសរុបទាំងអស់ ចំនួន ២០៤៤នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។
សម្រាប់ឆ្នាំ ២០២៣នេះដែរ ប្រទីបចំនួន ៣០ ក្នុងនោះ មកពីក្រសួងនិង ស្ថាប័នរដ្ឋ ចំនួន២៨ និងប្រទីបវិស័យឯកជន ចំនួន២ នឹងធ្វើការបណ្តែតតាមដងទន្លេសាបមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕