ប៉ាគីស្ថាន៖ ហេតុការណ៍បះបោរប៉ុនប៉ងបំបែកគុកមួយ បានកើតឡើងនៅឯមន្ទីរឃុំឃាំងប្រឆាំងភេរវកម្មក្នុងទីក្រុង Bannu ភាគខាងជើងប្រទេសប៉ាគីស្ថាន ដែលមានផ្ទុកអតីតក្រុមប្រដាប់អាវុធជ្រុលនិយមអ៊ីស្លាមចំនួន ៣៥នាក់ ។
ជាលទ្ធផលនៃការប៉ុនប៉ងនេះ កងកម្លាំងអាជ្ញាធរបានបាញ់សម្លាប់ក្រុមអ្នកទោសសរុបចំនួន ២៥នាក់ ។ ក្រៅពីនេះ នៅមានចំណាប់ខ្មាំង ១រូប រួមទាំងសមាជិកក្រុមកងកុម្ម៉ង់ដូពិសេសរបស់អាជ្ញាធរប៉ាគីស្ថាន ១រូបផ្សេងទៀត បានស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបមួយដែលធើ្វឡើងអស់រយៈពេលជាង ២ថ្ងៃ ទម្រាំតែកងកម្លាំងអាជ្ញាធរអាចដណ្ដើមកាន់កាប់បរិវេណមន្ទីរឃុំឃំាងខាងលើពីក្រុមជនប្រដាប់អាវុធមកវិញ ។
បើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរបស់មេបញ្ជាការយោធាប៉ាគីស្ថានមួយរូប បានឱ្យដឹងថា ក្រុមជនប្រដាប់អាវុធចំនួន ៧នាក់ ក្នុងចំណោមអ្នកទោសសរុបទាំង ៣៥នាក់ខាងលើ ព្រមប្រគល់ខ្លួនឱ្យអាជ្ញាធរ ខណៈ ៣នាក់ផ្សេងទៀតដែលព្យាយាមរត់គេច ត្រូវបានគេចាប់បានមកវិញផងដែរ ៕