ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័យរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់តេស្តរហ័សដែលគ្មានការទទួលស្គាល់
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័យរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់តេស្តរហ័សគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង។
ការហាមឃាត់នេះបន្ទាប់ពីក្រសួងបានឃើញមានហ្វេសប៊ុកមួយចំនួនបានធ្វើការផ្សព្វផ្សាយលក់តេស្តរហ័យរកអង់ទីគ័រការពារជំងឺកូវីដ-១៩ដោយប្រើប្រាស់តេស្តរហ័សគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង ។ដូច្នេះក្រសួងសុខាភិបាល បានបញ្ជាក់ថា តេស្តរហ័យរកអង់ទីគ័រការពារជំងឺកូវីដ-១៩ដែលកំពុងចរាចរលើទីផ្សារនេះពុំទាន់មានការទទួលស្គាល់ពីកអង្គការសុខភាពពិភពលោក នៅឡើយទេ ហើយលទ្ធផលតេស្តទាំងនេះគឺមិនអាចជឿជាក់បានឡើយ។
ដើម្បីជៀសវាងនូវការខាតបងប្រាក់កាស់និងបង្ករឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំពុងចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេសនោះ ក្រសួងសុខាភិបាលអំពាវនាវឱ្យសាធារណជនទាំងអស់ត្រូវឈប់ជឿ កុហក បោកប្រាស់ ភូតភរ ទាំងនោះដោយត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ១៩គ្មានលេខបញ្ជិការពីក្រសួងសុខាភិបាល ដែលកំពុងផ្សព្វផ្សាយដោយគណនីបណ្តាញសង្គម ឬជនពាក់ព័ន្ធដទៃទៀត៕SP