អភិបាលខេត្តកណ្ដាល នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយស្រុតផ្ទះ និងប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៨គ្រួសារ ស្ថិតនៅភូមិព្រែកថី សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ
រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយស្រុតផ្ទះ និងប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៨ គ្រួសារ ស្ថិតនៅភូមិព្រែកថី សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មានមតិសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករលឹកបំផុត។
លោក បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។
លោក ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព ដោយប្រកាន់នូវ ហូបស្អាត ផឹកស្អាត និងគេងឲ្យបានត្រឹមត្រូវ ជាងនេះទៅទៀត ត្រូវប្រុងប្រយ័ត្នដល់ក្មេងតូចៗ មិនត្រូវមានការធ្វេសប្រហែស បណ្ដែតបណ្ដោយឲ្យពួកគាត់នៅក្បែរទឹក ដែលអាចបង្កជាគ្រោះថ្នាក់ដោយប្រការណាមួយ។ ពិសេសនៅពេលបងប្អូនធ្វើដំណើរ ឆ្លងទឹក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយមានត្រៀមសម្ភារៈសម្រាប់ជួយសង្គ្រោះ ដូចជាអាវពោង ដើម្បីបង្ការនូវគ្រោះថ្នាក់ផងដែរ។
អំណោយដែលបានប្រគល់ជូនគ្រួសាររងគ្រោះ រួមមាន៖ ប្រជាពលរដ្ឋ០២គ្រួសារ រងគ្រោះដោយការបាក់ស្រុតលំនៅដ្ឋាន ទទួលបាន អង្ករ ៤៥គីឡូក្រាម មី១កេស ត្រីខ២យួរ ទឹកស៊ីអ៊ីវ២ យួរ ទឹកត្រី១យួរ តាំងកៅស៊ូមួយបន្ទះ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ ក្នុងនោះគ្រួសាររងគ្រោះធ្ងន់ធ្ងរ ទទួលបានថវិកា ៣០ ម៉ឺនរៀល និងគ្រួសារដោនលើទទួលបានថវិកា២០ម៉ឺនរៀល៕SP