ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាយប់ថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២២ នេះសម្ដេច  បានបញ្ជាក់ថា តាមរយៈ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបានចុះជាប់ជាមួយប្រជាជនបណ្ដាខេត្តដែលមានការលិចលង់ដោយចំនួនទឹកភ្លៀង  បានបង្ហាញថា សរុបមាន ២២ ខេត្ត និងចំនួន៩៦ ស្រុកខណ្ឌ និង ៧៧០ ឃុំដែលបានលិចលង់។

ក្នុងនោះបង្កឲ្យមានផលប៉ះពាល់ប្រជាជនយើងមានស្លាប់ចំនួន ៤ នាក់។ ក្រៅពីនោះក៏មានការជម្លៀសប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព។

សម្ដេចបានបញ្ជាក់ថា ក្រៅពីការខូចខាតការលិចផ្លូវ ខូចផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ព្រមទាំងប៉ះពាល់ដល់ការសិក្សារបស់សិស្សដោយសារការលេចសាលារៀន។ សំរាប់ការខូចខាតដំណាំកសិកម្ម តាមតួលេខដែលបានផ្ដល់ដោយលោក គន់ គីម គឺទទួលការខូចខាតចំនួនជាងមួយសែនប្រាំម៉ឺនហិកតាស្រូវលិចទឹកដំណាំ រួមផ្សំទឹកលិចចំនួន ៤ម៉ឺន ១ពាន់ ២៤ហិកតា។

សម្ដេច បានបញ្ជាក់ទៀតថា ទឹកនៅកន្លែងខ្លះស្រក កន្លែងខ្លះក៏ឡើង ។ សម្តេចបញ្ជាក់ថា មូលដ្ឋានច្បាស់ជាកំពុងជួបបញ្ហា ពាក់ព័ន្ធនឹងបញ្ហាការខ្វះពូជស្រូវ ឬពូជដំណាំដែលទាមទារឲ្យថ្នាក់ជាតិត្រូវអន្តរាគមន៍ជាបន្ទាន់។ 

សម្តេច បានចេញជាបទបញ្ជាទៅលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញរបស់ក្រសួងដែលមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចុះធ្វើការជាមួយនឹងខេត្ត ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីវាយតម្លៃឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន អំពីការខូចខាតដែលទាក់ទងនឹងដំណាំស្រូវ ដំណាំផ្សេងទៀត ដើម្បីរាជរដ្ឋាភិបាលអាចបញ្ចេញទៅកាន់គោលដៅ នៃស្រូវដែលខូចខាតដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងបានបង្កបង្កើនផលឡើងវិញ។ សម្ដេចបានបញ្ជាក់ទៀតថា« នេះជាការអន្តរាគមន៍ចាំបាច់ដើម្បីដោះស្រាយបញ្ហា នៅចុងរដូវរបស់យើង»។

សម្តេចតេជោ បានអំពាវនាវឲ្យធ្វើសកម្មភាពជាបន្ទាន់ ហើយបែងចែកមន្ត្រីចុះធ្វើការដោយម្ខាងចុះវាយតម្លៃរួមជាមួយនឹងខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីវាយតម្លៃពីខាងខូចខាត និងម្ខាងទៀតត្រៀមរៀបចំពូជដើម្បីបញ្ចេញពីឃ្លាំងស្តុក ដើម្បីបញ្ជូនពូជស្រូវ ឬពូជដំណាំទាំងនោះជូនប្រជាជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ