សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាគ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែនដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែននោះទេ
ខេត្តសៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងថា កម្ពុជា គ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទ ស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។ សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាព្រឹកថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានរំលឹកផងដែរថា កាលពីពេលកន្លងទៅនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំអាស៊ាន ប្រទេសទាំងអស់ដែលជាសមាជិកបានចរាចគ្នាដើម្បីពង្រីកការធ្វើដំណើរទេសចរ ដូច្នេះប្រទេសទាំងអស់ដូចជា វៀតណាម ឡាវ កូរ៉េខាងត្បូង ហ្វីលីពីន ថៃ អាចបង្កើតការហោះហើរត្រង់មកសៀមរាបបាន ។ក្នុងឱកាសនោះដែរ សម្តេចធិបតីសម្តែងក្តីសង្ឃឹមជឿជាក់ថា នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ កម្ពុជានឹងអាចឈានទៅដល់ការជម្រុញឱ្យមកកម្សាន្តនៅខេត្តសៀមរាបបានកាន់តែច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងធ្វើការជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណា អាចជួយសម្រួលទេសចរណ៍ថៃធ្វើដំណើរកម្សាន្ត មកកាន់ខេត្តសៀមរាប ដោយមិនចាំបាច់មាន លិខិតឆ្លងដែន(PASSPORT) ដែលនេះជាការបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ខណៈកន្លងទៅយើងមានកិច្ចព្រមព្រៀងខេត្តជាប់ព្រំដែនប៉ុណ្ណោះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងបន្ថែមទៀតថា ហើយដើម្បីទទួលបានភ្ញៀវទេសចរណ៍ឱ្យកាន់តែច្រើន ខេត្តក៏នឹងត្រូវរៀបចំព្រឹត្តការណ៍ផ្សេងៗ ជាក់ស្តែងដូចជាការររៀបចំរត់ម៉ារ៉ាតុង ការរៀបចំប្រជុំកម្រិតអន្តរជាតិ រៀបចំព្រឹត្តការណ៍នានា ដូចជាបុណ្យអ៊ំទូកក្នុងស្ទឹងសៀមរាប ហើយកិច្ចការទាំងអស់នេះគឺរាជរដ្ឋាភិបាលគ្រោងធ្វើ ពង្រឹងបន្ថែម ប្រព័ន្ធទំនាក់ទំនង ការធ្វើដំណើរតភ្ជាប់ ការពង្រឹងសេវាកម្ម និងការរៀបចំជួយទេសចរណ៍នៅខេត្តសៀមរាបផងដែរ៕