ភ្នំពេញ​ ៖​ បញ្ហាសង្គ្រាមរវាង​ រុស្សុី-អ៊ុយក្រែន,​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋន្ដ្រីនៃកម្ពុជា​ បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក​ និងប្រធានាធិបតីអ៊ុយក្រែន​ កុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ​ ព្រោះអ្នករងគ្រោះពិតប្រាកដ​ គឺប្រជាជនពិសេស​ គឺអ៊ុយក្រែនតែម្តង។

តាមរយ:សារតេឡេក្រាមនាថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៣​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានឲ្យដឹងថា​ ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថា​ ស​ហរដ្ឋអាមេរិក​ នឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន​ ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។

សម្ដេចតេជោ​ បន្ដថា​ ប្រសិនរឿងនេះ​ វាជាការពិតមែន​ វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែន​ រាប់សឹបឆ្នាំ​ ឬដល់រយឆ្នាំទៀតផង​ ប្រសិនគ្រាប់បែកចង្កោមនេះ​ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្សុីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

សម្ដេចតេជោ​ បន្ថែមថា​ បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែល​ទទួលការទម្លាក់គ្រាប់បែកចង្កោមពី​អាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់​ ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

សម្ដេច​ នាយករដ្ឋមន្ត្រី​ គូសបញ្ជាក់ថា​ "ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយ​ ទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន​ ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ