សម្ដេចតេជោ ហ៊ុន សែន ៖ ក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី នឹងអាចមានលទ្ធភាពខ្ពស់បំផុត មាននាយករដ្ឋមន្ដ្រីថ្មី ចុះសួរសុខទុក្ខចំពោះ កម្មករ-កម្មការិនី
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី នឹងអាចមានលទ្ធភាពខ្ពស់បំផុត មាននាយករដ្ឋមន្ដ្រីថ្មី អញ្ជើញចុះសួរសុខទុក្ខចំពោះ កម្មករ-កម្មការិនី នៅតាមបណ្ដាលរោងចក្រ សហគ្រាស ជំនួសនាយករដ្ឋមន្ដ្រីចាស់។
តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលមុខ សម្ដេច ចុះសួរសុខទុក្ខចំពោះ កម្មករ-កម្មការិនី នៅតាមបណ្ដាលរោងចក្រ និងសហគ្រាស សម្ដេច បានសន្យាថា «បន្ទាប់ពីការបោះឆ្នោតហើយ ត្រឹមថ្ងៃទី២៧ កក្កដា ខ្ញុំ នឹងចាប់ផ្ដើមចុះសួរសុខទុក្ខ កម្មករ-កម្មការិនី ជាបន្ដទៀត»។
សម្ដេចតេជោ បន្ដថា ប៉ុន្ដែដោយសារបញ្ហាកត្កាពេលវេលា និងកត្កាទាក់ទងជាមួយនឹងទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី ហើយកិច្ចការងារនេះ សម្ដេច ក៏សូមអភ័យទោសចំពោះ កម្មករ-កម្មការិនី ទាំងអស់ នៅទូទាំងប្រទេស ដែលមិនទាន់អាចចុះសួរសុខទុក្ខបាននៅឡើយនៅក្នុងដំណាក់កាលកំពុងបង្កើតរាជរដ្ឋាភិបាលថ្មី។
សម្ដេចតេជោ គូសបញ្ជាក់ថា «ព្រោះថា ឥឡូវនេះ ស្ថិតនៅក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ ខ្ញុំ ចង់បានអ្វីៗកើតឡើង នៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវជួបចំពោះក្មួយៗ កូនៗ ចៅៗ ជាកម្មករ-កម្មការិនីទាំងអស់ ដូច្នេះសូមបញ្ជាក់ឡើងវិញថា យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុត មាននាយករដ្ឋមន្ដ្រីថ្មី នឹងទៅសួរសុខទុក្ខ ចំពោះកម្មករកម្មការិនីរបស់យើងជំនួសនាយករដ្ឋមន្ត្រីចាស់ តែនេះជាលទ្ធភាព នៃការកើតឡើងនូវ រាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី។ ហើយខ្ញុំ មិនទៅណាទេ ខ្ញុំ នឹងបកស្រាយរឿងនេះ នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ នៅ ក្នុងពេលសម្ពោធផ្លូវខ្សែក្រវ៉ាតក្រុង ខ្ញុំ នឹងនិយាយរឿងនេះ នៅពេលនោះ»៕