ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដាំផ្ញើក្រុមប្រឆាំងនៅក្រៅប្រទេសថា បើអ្នកណាហ៊ានចាប់ខ្លួន សម្ដេចតេជោ ស្មើនឹងប្រកាសសង្គ្រាមជាមួយប្រទេសកម្ពុជា។
ក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្ទេរនាយករដ្ឋមន្ដ្រី ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត មិនមែនជាការតពូជពង្សឡើយ។
សម្ដេច គូសបញ្ជាក់ថា «មិនមែនជាការ តពូជពង្សទេវើយ ប្រាប់ពួកអាចង្រៃឲ្យដឹងថា ប៉ុន្ដែវារារាំងខ្ញុំ រហូតដល់បំភ័យខ្ញុំថា ហ៊ុន សែន អត់ហ៊ានចេញទេ (ចេញក្រៅប្រទេស) ខ្លាចអស់អភ័យឯកសិទ្ធិ ហើយត្រូវតុលាការចាប់ខ្លួន ស្រុកខ្មែរ បើអ្នកណាហ៊ានចាប់ ហ៊ុន សែន គឺចប់ហើយ និយាយដោយត្រង់ អ្នកណាហ៊ានចាប់ ហ៊ុន សែន សូមអញ្ជើញមក ចាប់មក ស្មើនឹងប្រកាសសង្គ្រាមជាមួយកម្ពុជា»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា សម្ដេច នៅមួយប្រជាជនកម្ពុជា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ហើយសម្ដេច ក៏នៅធ្វើជាតំណាងរាស្ដ្រ បន្ទាប់មកទៀត សម្ដេច នឹងក្លាយជាប្រធានព្រឹទ្ធសភា។ សម្ដេច បន្ថែម ថា ចំណុចដែលក្រុមប្រឆាំងភ័យជាងគេនោះ គឺនៅត្រង់ សម្ដេច ផ្ទេរនាយករដ្ឋមន្ដ្រី ទៅឲ្យក្មេងជំនាន់ក្រោយ ដូច្នេះទើប សម្ដេច ត្រូវផ្ទេរនាយករដ្ឋមន្ដ្រី នៅពេលនេះតែម្ដង៕EB