មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហៅថ្នាក់ដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថាជា “មេក្រុមជើងកាង”
កូរ៉េខាងជើង៖មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថែមទាំងបានហៅប្រធានាធិបតីអាមេរិក ចូ បៃដិន, ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ថាជា “មេក្រុមជើងកាង” ទៀតផង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
លោក គីម បានបោះពាក្យសម្តីបែបនេះ ខណៈសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគី ដើម្បីកំញើញដល់ការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។កូរ៉េខាងជើង ចាត់ទុកលំហាត់បែបនេះ ថាជាការហាត់សមដើម្បីលុកលុយ ថ្វីបើទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួន អះអាងថា សមយុទ្ធនេះគឺជាការការពារខ្លួនក៏ដោយ។លើសពីនេះ លោកបានចោទអាមេរិក ថាកំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកដ៏ឆ្កួតលីលា ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រ នៅក្នុងដែនទឹកជុំវិញឧបទ្វីបកូរ៉េផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកូរ៉េខាងត្បូង បានសម្តែងការសោកស្ដាយជាពន់ពេកចំពោះការដែលលោក គីម ប្រើភាសាមិនសមរម្យបែបនេះ ដើម្បីបង្កាច់បង្ខូចមេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក Lim Soosuk បានប្រាប់អ្នកសារព័ត៌មានថា កូរ៉េខាងជើងត្រូវតែបញ្ឈប់ជាបន្ទាន់នូវទង្វើដែលបង្កើនភាពតានតឹងជាមួយនឹងការគំរាមកំហែង និងការបង្កហេតុដោយឥតប្រុងប្រយ័ត្ន៕