ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្ដាល ប្រធាននាយកដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាននាយកដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត ដែលសម្រេចលទ្ធផលបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ នាយឧត្តមសេនីយ៍ ក៏បានឯកភាពតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ដែលបានលើកឡើងក្នុងកិច្ចប្រជុំនៅពេលនេះ លើគ្រប់ផ្នែក និងអង្គភាពទាំងអស់។


នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈនេះ រួមមាន៖ បុណ្យចូលឆ្នាំចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកុម្ភៈ, ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែកុម្ភៈ និងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានជោគជ័យ១០០ភាគរយ។


ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់ប្រជាពលរដ្ឋ នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន ប្រធាននាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត  ដូចជា៖ ការងារសន្ដិសុខ៖ ត្រូវបន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឲ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា, ម្ចាស់ការទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម ដោយត្រូវក្ដោបក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវការពារឲ្យខាងតែបាននូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលខិតខំកសាង, ជំរុញស្រាវជ្រាវបង្ក្រាបបទល្មើស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបន្ដពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់នគរបាលជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ