អាមេរិក ៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃសុក្រសប្ដាហ៍នេះ នៅឯភូមិរបស់លោកក្នុងទីក្រុង Palm Beach រដ្ឋ Florida ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤។

លោក ដូណាល់ ត្រាំផ្ទាល់គឺជាអ្នកបញ្ជាក់ពីជំនួបជាមួយលោក ណេតាន់យ៉ាហ៊ូ នៅក្នុងសារមួយបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា ដែលអាចនឹងក្លាយជាជំនួបដំបូងបំផុតរវាងអ្នកទាំង២ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចុះចេញពីតំណែងជាប្រធានាធិបតី និងចំពេលទំនាក់ទំនងរវាងលោក ណេតាន់យ៉ាហ៊ូ ជាមួយ លោក ចូ បៃដិន កំពុងមានភាពរកាំរកូសនឹងគ្នាជុំវិញសង្រ្គាមប្រឆាំងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ 

លោក ណេតាន់យ៉ាហ៊ូ បានស្នើឱ្យមានជំនួបដោយផ្ទាល់ជាមួយលោក ត្រាំ។ តែខាងស្ថានទូតអ៉ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ចំពោះបញ្ហានេះ។

គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាទីដែលលោកត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភាទាំង២ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ ព្រមទាំងនឹងត្រូវជួបលោកប្រធានាធិបតី ចូ បៃដិន និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីសផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ