ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ជូនៀ កាលពីថ្ងៃចន្ទទី២២ ខែកក្កដា បានបញ្ជាឱ្យហាមឃាត់ជាបន្ទាន់លើប្រតិបត្តិការហ្គេមអនឡាញ ដែលដំណើរការដោយជនជាតិចិននៅក្នុងប្រទេស ដោយបានចោទប្រកាន់ពួកគេជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ដូចជា៖ ការបោកប្រាស់ហិរញ្ញវត្ថុ ការជួញដូរមនុស្ស ការធ្វើទារុណកម្ម ការចាប់ជំរិត និងឃាតកម្ម...។
ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យទីភ្នាក់ងារល្បែងរបស់រដ្ឋាភិបាល បញ្ឈប់ប្រតិបត្តិការរបស់ប្រតិបត្តិករល្បែងក្រៅប្រទេស (POGOs) នៅចុងឆ្នាំ ដោយទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសមាជិកសភា និងមន្ត្រីកំពូលៗ។ លោក ម៉ាកូស ក៏បានណែនាំដល់មន្ត្រីការងារឱ្យស្វែងរកការងារជំនួសសម្រាប់បុគ្គលិកកម្មករហ្វីលីពីន ដែលនឹងត្រូវផ្លាស់ទីលំនៅក្រោយប្រតិបត្តិការទាំងនេះបិទទ្វារ។
បទបញ្ជារបស់លោក ម៉ាកូស នឹងនាំទៅដល់ការបិទអគារធំៗជាច្រើនកន្លែង ដែលអាជ្ញាធរសង្ស័យថា ជនជាតិចិន វៀតណាម និងជនជាតិផ្សេងទៀតរាប់ពាន់នាក់ដែលភាគច្រើនមកពីអាស៊ីអាគ្នេយ៍ ត្រូវបានជួលដោយខុសច្បាប់ និងបង្ខំឱ្យធ្វើការក្នុងស្ថានភាពដ៏គួរឱ្យសង្វេគ។ គួររំឭកថា ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកព្រឹទ្ធសភាហ្វីលីពីនបានបញ្ជាឱ្យចាប់ខ្លួនអភិបាលក្រុងម្នាក់នៅក្នុងខេត្ត Tarlac ភាគខាងជើងរដ្ឋធានីម៉ានីល បន្ទាប់ពីនាងបដិសេធមិនចូលខ្លួនក្នុងសវនាការស៊ើបអង្កេតលើបទចោទ ស្តីពីទំនាក់ទំនងរបស់នាងជាមួយក្រុមឧក្រិដ្ឋជនចិន៕