ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas ព្រោះគ្មានលេខបញ្ជីកាពីក្រសួង
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas ព្រោះគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៦ មិថុនា បានឲ្យដឹងថា ក្រសួង បានពិនិត្យឃើញមានផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងផលិតផល ជំនួយសុខភាព ដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ដូចមានរូបភាពភ្ជាប់មកជាមួយ។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាល ជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ញិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមាន ពីរផ្នែក ទី១-ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ទី២-ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូភ្ជាប់មក ជាមួយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ ផលិតផលជំនួយសុខភាព ដែលគ្មានលេខបញ្ជិកាខាងលើជាបន្តទៀតទេ ព្រោះផលិតផលនេះ មិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យ ប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គល ដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលជំនួយ សុខភាពនេះជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះជនណា ដែល ចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ