សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ដរាបណា គណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំ ជីវភាព កិត្តិយស របស់អតីតយុទ្ធជន អតីតមន្ដ្រីរាជការ នៅតែបន្ដយកចិត្តទុកដាក់
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា ដរាបណា គណបក្សប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំប្រទេស ជីវភាព កិត្តិយស របស់អតីតយុទ្ធជន អតីតមន្ដ្រីរាជការ នៅតែបន្ដយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្ដបន្ទាប់ផងដែរ។
នាឱកាសអញ្ជើញជាអធិបតី ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ - ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី មោទនភាពដែលបានបង្កើតភូមិសន្តិភាព ដែលមានសុទ្ធតែអតីតយោធា នៃគ្រប់ភាគីជម្លោះ បានរស់នៅជាមួយគ្នាដោយសុខដុម។
សម្ដេចធិបតី មានប្រសាសន៍ថា «ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឱកាសដឹកនាំបន្ដ ជីវភាព កិត្តិយស របស់អតីតយុទ្ធជន អតីតមន្ដ្រីរាជការ នៅតែបន្ដយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្ដបន្ទាប់។ ទិច ឬច្រើន យើងបន្ដជួយគ្នា ហើយយកចិត្តទុកដាក់ ហើយគ្រប់ជ្រុង កាលពេលមុនយើងមានប្រាក់សោធន ឥឡូវយើងមានគោលនយោបាយ របបផ្ទះ»។
សម្ដេចធិបតី បន្ដ ជីវភាព និងព្យាបាលជំងឺផ្សេងៗ របស់អតីតយុទ្ធជន ត្រូវបានគិតគូរជានិច្ច។ សម្ដេច ក៏បានថ្លែងអំណរគុណចំពោះ ក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន ដោយព្យាបាលឥតគិតថ្លៃ ដោយមានប័ណ្ណ ប.ស.ស។
សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងថា បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៩០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុក ចំនួន ១៤៩០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ៕EB