សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ នៅកម្ពុជា មូលដ្ឋានគ្រឹះនៃសង្គមប្រកបដោយសន្ដិភាព បានរួមចំណែកបង្កើតឡើងដោយស្ដ្រីជាច្រើនជំនាន់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅកម្ពុជាមូលដ្ឋានគ្រឹះនៃសង្គម ដែលប្រកបដោយសន្ដិភាព ភាពសុខដុមរមនា និងភាពធន់ត្រូវបានរួមចំណែក បង្កើតឡើងដោយស្ដ្រីជាច្រើនជំនាន់។
នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃទី១ សីហា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅអាស៊ាន បានក្លាយជាតំបន់សេដ្ឋកិច្ចធំជាងគេទី៥ លើពិភពលោក ដោយសារកម្លាំងរបស់ស្ដ្រីបានដើរតួរនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដែលបានចូលរួមចំណែកបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ចប្រកបដោយបរិយាប័ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្ម សេដ្ឋកិច្ចតាមរយៈព្រឹត្តិការណ៍តំបន់ និងអន្ដរជាតិ ដោយជំរុញកំណើត និងបង្កើននវានុវត្តន៍ឆ្លងព្រំដែនផងដែរ។
សម្ដេចធិបតី មានប្រសាសន៍ថា «នៅកម្ពុជា មូលដ្ឋានគ្រឹះនៃសង្គម ដែលប្រកបដោយសន្ដិភាព ភាពសុខដុមរមនា និងភាពធន់ត្រូវបានរួមចំណែក បង្កើតឡើងដោយ ស្ដ្រីជាច្រើនជំនាន់។ ម្ដាយ និងជីដូនរបស់យើង និងស្ដ្រីជាច្រើនជំនាន់ បានចញ្ចឹមបីបាច់គ្រួសារយើង រក្សាប្រពៃណី និងបន្ដគុណតម្លៃ សេចក្ដីមេត្តា ការគោរព និងសាមគ្គីភាពដ៏យើង។ កម្លាំងដ៏មុតស្រួច ការណែនាំដ៏ទន់ភ្លន់របស់ស្ដ្រីបាន ជួយរក្សាលំនឹងរបស់យើង នៅពេលឆ្លងកាត់កាលៈទេសៈដ៏ច្របូកច្របូល ដែលអនុញ្ញាតឲ្យប្រទេសជាតិយើងមានការរីកចម្រើន។ ការផ្ដល់តម្លៃ និងគោរពស្ដ្រីបានដក់ជាប់ជ្រៅនៅក្នុងវប្បធម៌ ប្រពៃណី និងការអប់រំ ប្រៀនប្រដៅរបស់យើង»។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា ជាក់ស្ដែងកម្ពុជាប្រើពាក្យ «មេ» នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីបញ្ជាក់ពីអត្ថន័យដ៏ចំបង នៃការផ្ដល់តម្លៃខ្ពស់បំផុតដល់ស្ដ្រី ដោយសារពាក្យនេះ ភ្ជាប់ជាមួយនឹងកិត្តិយស មុខតំណែង និងតួនាទីខ្ពស់បំផុត ទាំងក្នុងវិស័យឯកជន និងសាធារណៈ។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ក្នុងប្រវត្តិសាស្ដ្រដ៏សម្បូរណ៍បែប និងរស់រវើករបស់កម្ពុជា ស្ដ្រីបានកាន់តំណែងប្រកបដោយអំណាច និងឥទ្ធិពល និងបន្សល់ទុកនូវស្នាដៃ កេរ្តិ៍តំណែលយ៉ាងធំធេងដល់ការអភិវឌ្ឍប្រទេសជាតិ។ ស្ដ្រីកម្ពុជាតែងតែរួមចំណែក លើតួនាទីបែបប្រពៃណីរបស់ស្ដ្រី និងបានបង្ហាញភាពជាអ្នកដឹកនាំ ដ៏ពិសេសក្នុងទិដ្ឋភាពផ្សេងៗ។
នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វីរភាពរបស់មេដឹកនាំស្ត្រីគំរូ ទាំងនេះតែងផ្តល់ជាការបណ្ដុះគំនិត និងរំឭកអំពីកម្លាំង, ភាពឈ្លាសវៃ និងភាពធន់របស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ ។ ឈរលើកេរ្ដិ៍ដំណែលដ៏សម្បូរបែបនេះ, យើងទទួលស្គាល់ការរួម ចំណែកដ៏ធំធេងរបស់ស្ត្រី នៅក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែជាមហាក្សត្រី និងមេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគ្រិន, នវានុវត្តជន, អ្នកផ្តល់ការថែទាំ និងអ្នកកសាងសហគមន៍ផងដែរ៕