ភ្នំពេញ ៖ ភាគីវៀតណាម បានយល់ព្រម លើកលែងទោស និងដោះលែងប្រជាពលដ្ឋខ្មែរ ២រូប ហើយបានបញ្ជូនវិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីពួកគេបើកទូកទេសចរណ៍ ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីជំនួបរវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម សុំលើកលែងទោស និងដោះលែងពលរដ្ឋខ្មែរ ចំនួន ២នាក់ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម ឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

ដោយផ្អែកលើលទ្ធផលពិភាក្សា ក្នុងជំនួបខាងលើនេះ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ  ព្រមទាំងការវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ភាគីវៀតណាមបានយល់ព្រម លើកលែងទោស និងបានដោះលែងប្រជាពលដ្ឋខ្មែរ ២រូប និងបានបញ្ជូនវិលត្រឡប់មកប្រទេសវិញ នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ហេីយ តាម ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ប្រទេសកម្ពុជា។

 

ជាមួយគ្នានេះ មន្រ្តីអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានជូនពលរដ្ឋខ្មែរទាំងពីរនាក់នោះដល់ក្រុមគ្រួសារនិងបានត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។ 

 

សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ០២រូប ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ