មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ គំរាមអំពីការបិទសមុទ្រមេឌីទែរ៉ាណេ ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា
អ៊ីរ៉ង់ ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍ (២៣ ធ្នូ) ថាមេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា សមុទ្រមេឌីទែរ៉ាណេ អាចត្រូវបានបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត «ឧក្រិដ្ឋកម្ម» នៅក្នុងតំបន់ហ្កាហ្សា ដោយមិនពន្យល់ពីមធ្យោបាយដែលរឿងនោះនឹងកើតឡើងនោះទេ។
អ៊ីរ៉ង់ គាំទ្រក្រុមហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែល ហើយខ្លួនបានចោទប្រកាន់សហរដ្ឋអាមេរិក ថាបានគាំទ្រនូវអ្វីដែលខ្លួនហៅថាឧក្រិដ្ឋកម្មអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ជាទីដែលការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានបណ្តេញប្រជាជនភាគច្រើនចេញពីលំនៅឋានរបស់ពួកគេ។
លោកឧត្តមសេនីយទោ Mohammad Reza Naqdiដែលជាមេបញ្ជាការសម្របសម្រួលនៃកងឆ្មាំបាននិយាយថា «ពួកគេនឹងរង់ចាំការបិទសមុទ្រមេឌីទែរ៉ាណេឆាប់ៗនេះ ច្រកសមុទ្រហ្គីប្រាលតា (Gibraltar) និងផ្លូវទឹកផ្សេងទៀត»។
អ៊ីរ៉ង់មិនមានផ្លូវចូលទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដោយផ្ទាល់ទេហើយគេមិនច្បាស់ទេថាកងឆ្មាំនេះអាចព្យាយាមបិទសមុទ្រនេះដោយរបៀបណា បើទោះបីជាលោក Naqdi និយាយអំពី កំណើតនៃអំណាចថ្មីនៃការតស៊ូ និងការបិទផ្លូវទឹកតាមសមុទ្រផ្សេងទៀតក៏ដោយ៕