ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសដាច់ខាតមិនចុះហត្ថលេខា ចំពោះមន្ដ្រីពូកែរត់ការ ដើម្បីបានតំណែងអ្វីមួយ គឺត្រូវលើកទឹកចិត្តក្នុងការជ្រើសរើសមន្រ្ដីរាជការ សម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន គឺជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋានតែម្តង។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាពេលកន្លងទៅ គឺអនុញ្ញាតឲ្យ ៤ ឬ ៥នាក់ ចេញពីថ្នាក់ជាតិ ឲ្យទៅបម្រើការងារនៅថ្នាក់ក្រោមជាតិ។ ក្រៅពីនោះ ឲ្យមូលដ្ឋានរើសមន្ដ្រីដោយខ្លួនឯង បើមិនដូច្នោះ មន្ដ្រីថ្នាក់ជាតិ ទៅដណ្ដើមអំណាចនៅថ្នាក់ក្រោមជាតិ។
សម្ដេច បន្ដថា ជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីផងដែរ។
សម្ដេច គូសបញ្ជាក់ថា មិនយុត្តិធម៌សម្រាប់មន្ដ្រីមូលដ្ឋាន ព្រោះអ្នកមូលដ្ឋាន ក៏ចង់ឡើងតំណែងដែរ។ សម្ដេច ថា «ប៉ុន្ដែក្រុមខ្លះ ពូកែស៊ើបណាស់ ហើយពូកែស៊ើប ខ្ញុំសូមផ្ដាំ សម្ដេចក្រឡាហោម សម្ដេច ទៀត បាញ់។ អ្នកខ្លះពូកកែស៊ើបណាស់ កន្លែងណាជិតចូលនិវត្តន៍រត់ការចូលភ្លាម អាក្រុមណារត់ការអាហ្នឹងកុំឲ្យសោះ បើដឹងដល់ខ្ញុំ គឺអត់ឲ្យទេ កុំឲ្យមានទម្លាប់រត់ការ ហើយដាក់ខ្សែនេះ ខ្សែនោះ ចូលតាមប្អូន ចូលតាមបង គឺអត់ទេ កុំលេងអាធន់នឹង»។
សម្ដេច បន្ថែមថា ការចាត់តាំងមន្ដ្រី ត្រូវផ្ដល់យុត្តិធម៌សម្រាប់មន្ដ្រីនៅថ្នាក់ក្រោមជាតិ។ សម្ដេច មិនជឿឡើយថា មិនអាចរើសបានមន្ដ្រីថ្នាក់ក្រោមជាតិ ខណៈគេមានសមត្ថភាព។ សម្ដេច រំលឹកថា គ្រាន់តែឡើងអសនៈនៅថ្នាក់ក្រោមជាតិភ្លាម មានដាក់ពាក្យសុំបម្រើការងារ នៅថ្នាក់ក្រោមជាតិ។
ឆ្លៀតឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្រ្ដីរាជការទាំងអស់ ឱ្យជៀសវាងឱ្យបាននៅពាក្យចាស់មួយពោលថា «ប្រពន្ធសក្តិ៣ ប្ដីសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥» ដែលបង្កបញ្ហាលើការបម្រើការងាររបស់មន្រ្ដីរាជការ ដោយប្រពន្ធ ឬកូន បានយកអំណាចប្ដី ឬឪពុកទៅប្រើប្រាស់ ទៅធ្វើអាជីវកម្ម ដែលអាចឈានទៅបង្កើតជាបញ្ហាសម្រាប់ខ្លួនឯងនាពេលខាងមុខ៕EB