កូនច្បង សម្តេចក្រឡាហោម បង្ហាញអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់រសល់ក្នុងចិត្តជាពន់ពេក ក្រោយដឹងថា សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំជាន់ខ្ពស់ មួយចំនួន នឹងចាកចេញពីរាជរដ្ឋាភិបាល
ភ្នំពេញ៖ លោក ស សុខា កូនប្រុសរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នកំពុងកាន់តួនាទី ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់រសល់ក្នុងចិត្តជាពន់ពេក ក្រោយដឹងថា សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំជាន់ខ្ពស់ មួយចំនួន នឹងចាកចេញពីរាជរដ្ឋាភិបាល។
តាមរយៈហ្វេសបុកផ្លូវការរបស់លោក បានរៀបរាប់យ៉ាងច្នេះថា សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ!
សេចក្ដីថ្លែងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ការសម្រេចជាឯកច្ឆ័នរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្ស ជាពិសេស ព្រះរាជតម្រិះរិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង គឺជារៀបចំផែនការជាតិដ៏គត់មត់ ប្រកបដោយទស្សនាទានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមាន រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។
នេះគឺជាមេរៀនបទពិសោធន៍កាត់ថ្លៃមិនបាន និងមិនអាចរកសាលារៀនបាន សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្ដី និងអ្នកបន្តវេនដទៃទៀតក្ដី។ ទន្ទឹមនឹងការគោរពនូវសេចក្ដីថ្លែងសារដ៏សំខាន់បំផុតសម្រាប់ជាតិ ខ្ញុំ និងគ្រួសារ ព្រមទាំងក្រុមការងារ សូមសម្ដែងនូវគារវកិច្ចប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននូវការចាត់តាំង ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសសភាពគណៈរដ្ឋមន្ត្រីថ្មីមួយទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភានាពេលខាងមុខដ៏ខ្លីនេះ។
ជាអត្តនោម័តរបស់ខ្ញុំ ដែលតែងតែបានប្រាស្រ័យទាក់ទងពិភាក្សាការងារជាមួយគ្នា ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ពោរពេញដោយសមត្ថភាពចម្រុះពេញលេញ មានព្រហ្មវិហារធម៌ និងមានទឹកចិត្តជាកុសលដ៏ទូលំទូលាយ បើកចំហរលើការសន្ទនាគ្រប់បញ្ហា ស័ក្តិសមបំផុតជាអ្នកដឹកនាំយើងខ្ញុំ និងរាជរដ្ឋាភិបាល ជារួមគឺ កម្ពុជាទាំងមូល ដែលនឹងនាំមកនូវអធិបតេយ្យជាតិ ពោលគឺ ធ្វើឱ្យកម្ពុជារឹងមាំរុងរឿងរីកចម្រើន បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តសំបូរសប្បាយ តាមពាក្យស្លោក«ខ្មែរសាមគ្គី ខ្មែរឈ្នះ, រួបរួមគ្នា ដើម្បីកម្ពុជារុងរឿង»។
ពិតហើយថា គ្មានការជួបជុំណាដែលថាមិនបែក និងទោះបីដឹងថា ពេលណាមួយសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំជាន់ខ្ពស់ នឹងចាកចេញពីរាជរដ្ឋាភិបាល ព្រលែងដៃប្រគល់ឱ្យអ្នកបន្តវេនជំនាន់ក្រោយរួមគ្នាដឹកនាំក្ដី សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់រសល់ក្នុងចិត្តជាពន់ពេក។ សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់របស់បក្ស និងរាជរដ្ឋាភិបាល គឺជាបង្គោលដ៏រឹងមាំនៃយើងខ្ញុំ និងជាតិទាំងមូល ដែលខ្ញុំផ្ទាល់ក្ដី ប្រជាពលរដ្ឋក្ដី យុវជនប្រុសស្រីក្ដី តែងបានរៀនសូត្រពីមេរៀនដឹកនាំរបស់លោកមិនអាចប្រកែកបាន។
យើងខ្ញុំ នៅតែចងចាំ និងដឹងនូវគុណូបការៈមិនអាចបំភ្លេចបានឡើយ ជាពិសេស នៅតែបន្តរៀនសូត្រលុះអវសានពីសំណាក់ សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់ តាមទស្សនៈ «ក្មេងរត់លឿន តែចាស់ស្គាល់ផ្លូវ, ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់»។
ខ្ញុំសូមគោរពជូនពរ សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់របស់បក្ស និងរាជរដ្ឋាភិបាល ពោរពេញដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ ដើម្បីជាម្លប់នៃយើងខ្ញុំ និងប្រជាពលរដ្ឋ ជាពិសេស ឈរពីក្រោយជួយជ្រោងទង់កម្ពុជាឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ៕