ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា គុណភាព នៃការអប់រំ គឺជាកត្តាកំណត់ នៃការអភិវឌ្ឍប្រទេសជាតិ ហើយឆ្អឹងខ្នង នៃវិស័យអប់រំ គឺគុណភាពគ្រូបង្រៀនផងដែរ។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូ ទាំងអស់ ត្រូវមានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែមទៀត សម្រាប់បង្រៀនសិស្ស និស្សិតរបស់ខ្លួន។

សម្តេចធិបតី បន្ដថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងណាស់ លើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូ ដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សដែលខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ។ សម្ដេច ថា គុណភាពគ្រូ គឺជាកត្តាគន្លឹះក្នុងការធានាគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេស។

សម្ដេចធិបតី មានប្រសាសន៍ថា «ការអប់រំ ការបណ្ដុះបណ្ដាល គុណភាពនៃការអប់រំ សំខាន់ណាស់ គុណភាពនៃការអប់រំ គឺជាកត្តាកំណត់នៃអភិវឌ្ឍប្រទេស។ ឆ្អឹងខ្នង នៃវិស័យអប់រំ គឺគ្រូបង្រៀនហ្នឹងឯង ជាឆ្អឹងខ្នង ដែលទ្រនូវវិស័យអប់រំ គឺគ្រូ ហ្នឹងឯង។ គុណភាព គឺជាកត្តាគន្លឹះ ក្នុងការធានាគុណភាពអប់រំ សមត្ថភាពរបស់ប្រទេស នៅក្នុងការអភិវឌ្ឍ នេះជាការភ្ជាប់គ្នា»។ 

សម្ដេចធិបតី បន្ដថា បើសិនគ្រូមិន ពូកែ សិស្សចេញទៅធ្វើការងារ ក៏មិនឈ្នះគេដែរ ដូច្នេះការបណ្ដុះបណ្ដាលគ្រូបង្រៀន គឺជារឿងសំខាន់បំផុត។ សម្តេច បានថ្លែងគាំទ្រ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវផែនការគោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យអប់រំ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់នៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផល់អាទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមាន ក្របខ័ណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និង ប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍ សមត្ថភាពគ្រូបង្រៀន និងការអនុវត្តកំណែទម្រង់សាលារៀន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ