សម្ដេចតេជោ ហ៊ុន សែន រំលឹកថា នៅពេលផ្ទុះជំងឺសារឆ្នាំ២០០៣ កម្ពុជា ជាអ្នកផ្គតផ្គង់អាវពេទ្យ ខណៈផ្ទុះជំងឺកូវីដ កម្ពុជា ក៏ជាអ្នកផ្គតផ្គង់ម៉ាស់ សម្រាប់នាំចេញក្រៅប្រទេស
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកថា កាលផ្ទុះជំងឺសារ និងជំងឺកូវីដ-១៩ កម្ពុជា ជាអ្នកផ្គត់ផ្គង់សំលៀកបំពាក់ និងម៉ាស់ ធំជាងគេបំផុត សម្រាប់នាំចេញទៅក្រៅប្រទេស។
នាឱកាសអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីឆ្នាំ២០០៣ កម្ពុជា ជាអ្នកផ្គត់ផ្គង់អាវពេទ្យសម្រាប់នាំចេញទៅក្រៅប្រទេស ដើម្បីព្យាបាលជំងឺសារ។
សម្ដេច គូសបញ្ជាក់ថា «នៅពេលជំងឺសារផ្ទុះឡើង នៅឆ្នាំ២០០៣ កុំភ្លេចថា កម្ពុជា ជាអ្នកផ្គួតផ្គង់ធំជាងគេទៅសំលៀកបំពាក់សម្រាប់គ្រូពេទ្យការពារជំងឺសារ គឺនាំចេញពីកំពង់ចាម ទៅផ្គតផ្គង់»។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងទៀតថា ដោយឡែកកាលផ្ទុះជំងឺកូវីដ-១៩ កម្ពុជា ក៏ជាអ្នកផ្គត់ផ្គង់ម៉ាស់ធំជាងគេ សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។
សម្ដេច គូសបញ្ជាក់ទៀតថា «នៅពេលចាប់ផ្ដើមផ្ទុះកូវីដ ស្រុកខ្មែរ គឺជាប្រទេសនាំចេញម៉ាស់ សម្រាប់ផ្គតផ្គង់ឲ្យក្រៅប្រទេស ដែលនាំចេញពីខេត្តកំពង់ចាមផង នាំចេញពីស្វាយរៀងផង និងតាមរោងចក្រខេត្តមួយចំនួនទៀត»។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនគ្រាន់តែទាក់ទាញការវិនិយោគនៅរាជធានីភ្នំពេញនោះទេ តែព្រមទាំងការរៀបចំឲ្យមានការវិនិយោគនៅតាមបណ្ដាខេត្តនានារបស់កម្ពុជា ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក និងដើម្បីលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមខេត្ត៕EB