ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសឱ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយត្រូវគិតទៅតាមចំនួនកូននៅក្នុងផ្ទៃផងដែរ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ កំពុងដំណើរការអាជីវកម្មនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា កម្មវិធីឧបត្ថម្ភស្ដ្រីមានផ្ទៃពោះ ដែលមានកូនភ្លោះនេះ ត្រូវអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅ។

សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំ សម្រេចថា ស្ដ្រីមានផ្ទៃពោះ ហើយដែលមានកូនភ្លោះ ត្រូវទទួលបានការឧបត្ថម្ភ តាមចំនួនកូន»។


សម្ដេចតេជោ ណែនាំឱ្យចង់ចាំថា ចាប់ពីថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ដ្រី សម្រេចឱ្យអនុវត្ថនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ដ្រីមានផ្ទៃពោះ រហូតដល់កូនមានអាយុពីរឆ្នាំ ហើយទទួលបានរបបសម្រាប់អ្នកមានកូនភ្លោះ គឺទទួលបានតាមចំនួនកូន។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា នៅពេល សម្ដេច ចុះជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នាពេលកន្លងមកនេះ មិនមែនជិះសេះមើលផ្កានោះទេ គឺជាការជួបជុំដើម្បីស្វែងរកដំណោះស្រាយជូនកម្មករ-កម្មការិនី ជាក់ស្តែងដូចជា៖ ស្រ្តីមានផ្ទៃពោះ និងជនពិការភាព ត្រូវបានរាជរដ្ឋាភិបាលសម្របសម្រួលឲ្យចេញមុនម៉ោង ដើម្បីកុំឱ្យប្រជ្រៀតជាមួយអ្នកដទៃ។

សូមរំលឹកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់កម្មការនីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំនេះ គឺអនុវត្តចំនួន ៣ដំណាក់កាល ដោយដំណាក់កាលទី១ ស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះចំនួន ៤លើកនឹងទទួលបានថវិកាក្នុង ១លើកចំនួន ៤ម៉ឺនរៀល។ ពេលសម្រាលកូនភ្លាមស្ត្រីទទួលប្រាក់ចំនួន ២០ម៉ឺនរៀល។ ក្រោយសម្រាលកូនរួច ស្ត្រីទៅពិនិត្យសុខភាពទាំងម្តាយ និងកូនអាយុដល់ ២ឆ្នាំ ចំនួន ១០លើក ទទួលបានក្នុង ១លើក ៤ម៉ឺនរៀល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ