រដ្ឋមន្ត្រីក្រសួងការងារ ៖ យុវជន មានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារ តាមរយៈជំនាញវិជ្ជាជីវៈ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា យុវសិក្ខាកាមទាំង ១០៥រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ហេង សួរ បានថ្លែងថា ការជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់យុវជនទាំងអស់ជាជម្រើសមួយដ៏ត្រឹមត្រូវដែលធ្វើឱ្យយុវសិក្ខាកាមទាំងអស់មានជំនាញជាក់លាក់ក្នុងជីវិត ហើយមានចំណូលទ្រង់ទ្រង់ជីវភាពគ្រួសារ និងជីវភាពខ្លួនផ្ទាល់ព្រោះជំនាញដែលឆាប់មានការងារធ្វើដោយប្រើប្រាស់រយៈពេលខ្លី។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ពូសូមកោតសរសើរក្មួយដែលបានឆ្លងកាត់ជីវភាព និងជួបការលំបាកជាច្រើន ប៉ុន្តែជំនះមកសិក្សាជំនាញវិជ្ជាជីវៈ ហើយកំពុងមានការងារបន្ថែមទៀតនោះ គឺជាមោទនភាពសម្រាប់ខ្លួន គ្រួសារ សង្គមជាតិ និងរបស់ពូផ្ទាល់ ហើយពូជឿថា ក្មួយៗគឺជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញ និងការងារសមរម្យ»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការមិត្តសំឡាញ់ដែល បានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងមានជីវភាពលំបាកឱ្យទទួលបានជំនាញជាក់លាក់ក្នុងជីវិត និងមានការងារសមរម្យដែលស្របទៅនឹង កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយុវជនគោលដៅមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ឱ្យមានជំនាញនិងមានការងារសមរម្យក្នុងគោលដៅលើកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕