វត្ថុបុរាណខ្មែរ ចំនួន ១៤រូប ដែលតាំងនៅសារមន្ទីរ MET នៅទីក្រុងញូវយ៉ក នឹងបញ្ជូនត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមន្ទីរ MET, វត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី១៥ ធ្នូ បានបញ្ជាក់ថា តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានរវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចសហរដ្ឋ អាមេរិក សារមន្ទីរ MET បានផ្ដល់ការសន្យាជាផ្លូវការមួយ ក្នុងការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណ ខ្មែរចំនួន១៤រូបនេះ, ការអនុញ្ញាតឱ្យមន្ត្រីជំនាញកម្ពុជា ធ្វើកោសល្យវិច្ច័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត និងការពិនិត្យសិក្សាឯកសារនានា ពាក់ព័ន្ធនឹងសមុច្ច័យរបស់កម្ពុជា។ ក្រសួង សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល ជំហានដំបូងក្នុងទិសដៅដ៏ត្រឹមត្រូវនេះ និងទន្ទឹងរង់ចាំនៃការវិលត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌ខ្មែរបន្ថែមទៀត។
ក្រសួងបន្ដថា ក្នុងចំណោមវត្ថុទាំង១៤រូបដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមាន ស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយក នៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយ នៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកេសួរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី ១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ឌូផ្លាស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា «ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិ របស់យើងពីសារមន្ទីរ MET គឺមានសារៈ សំខាន់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ ការបញ្ជូនត្រឡប់មកវិញនេះ គឺមានអត្ថន័យធំធេងបំផុតមិនអាចពណ៌នាបាន ដែលជាការព្យាបាលរបួស ផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា»៕