ភ្នំពេញ ៖ លោក នែលស៊ុន ជេស៊ែលីស (H.E.Mr. Nelson J.Celis) សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋហ្វីលីពីន បានសង្កេតឃើញថា  ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ  ដែលបញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំង  គួរឱ្យជឿទុកចិត្តបាន។

តាមរយៈសេចក្តីប្រកាសព័ត៌មាន  ស្តីពីចំណាប់អារម្មណ៍របស់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧  ចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៤  កក្កដា  លោក នែលស៊ុន ជេស៊ែលីស បានថ្លែងថា ភាគរយនៃអ្នកបោះឆ្នោត ៨៤.៥៨% នៅកម្ពុជា ខ្ពស់ជាងនៅប្រទេសហ្វីលីពីន មានត្រឹមតែ ៨៣% ប៉ុណ្ណោះក្នុងការបោះឆ្នោត ឆ្នាំ២០២២កន្លងទៅនេះ។

លោក  បន្ដថា  ប្រជាពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍ខ្ពស់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ របស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ។

លោក  គូសបញ្ជាក់ថា  "ការបោះឆ្នោតមានតម្លាភាព។ ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយបញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិច ដែលបញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំងគួរឱ្យជឿទុកចិត្តបាន"។ 

លេីសពីនេះ  លោក នែលស៊ុន ជេស៊ែលីស  ក៏បានអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ សន្តិភាព និងគ្មានអំពើហិង្សា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់  គ.ជ.ប  បានឱ្យដឹងថា  ដំណើរការបោះឆ្នោត  បានប្រព្រឹត្តទៅចាប់ពីម៉ោង  ៧ ព្រឹក  រហូតដល់ម៉ោង ៣រសៀល ទោះបីមានភ្លៀងនៅតាមរាជធានី ខេត្ត មួយចំនួនយ៉ាងណាក៏ដោយ ដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត  បានប្រព្រឹត្តទៅជាប្រក្រតីតាមនីតិវិធី  ហេីយអ្នកបានចេញទៅបោះឆ្នោតសរុបទូទាំងប្រទេស ចំនួន ៨.២១៣.២៦០នាក់ ស្មើនឹង ៨៤,៥៨% (តួលេខបណ្តោះអាសន្ន) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៧១០.៦៥៥នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ