សម្ដេចតេជោ ប្រកាសថា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ត្រូវជាក្រុងរបស់ខេត្តកណ្ដាល មិនអនុញ្ញាតឱ្យកាត់ចូលភ្នំពេញឡើយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ថា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន គឺបង្កើតជាក្រុងថ្មី សម្រាប់ខេត្តកណ្ដាល ដូច្នេះមិនអនុញ្ញាតឱ្យកាត់ចូលជាក្រុងរបស់រាជធានីភ្នំពេញទេ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ គូសបញ្ជាក់ថា «កន្លែងនេះ ពីដើមដីខេត្តកណ្ដាលទេ ដីខេត្តកណ្ដាលនៅឯគល់ស្ពានជ្រោយចង្វារណោះ ខ្ញុំកាត់មិនដឹងប៉ុន្មានដងហើយ អានេះកាត់ចុងក្រោយគេនៅតំបន់នេះ កាត់ចុងក្រោយគេ ដើម្បីដាក់ទៅក្នុងតំបន់រដ្ឋបាលក្រុងភ្នំពេញ ប៉ុន្តែឥឡូវសូមបញ្ជាក់ក្រុងអរិយក្សត្រ អត់មានឲ្យភ្នំពេញទេ បង្កើតក្រុងមួយឲ្យខាងខេត្តកណ្ដាលគេមានគេហៅថា ពន្ធលើអចលនទ្រព្យ នៅខាងខេត្តកណ្ដាលផង»។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងមួយទៀត គឺ «ក្រុងសំពៅពូន» នៃខេត្តកណ្ដាល ដោយកាត់យក៥ឃុំ ពីស្រុកកោះធំ។ អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា ក្រុងសំពៅពូន មានសង្កាត់ចំនួន ៥ គឺ សង្កាត់ឈើខ្មៅ, សង្កាត់ព្រែកជ្រៃ, សង្កាត់ព្រែកស្ពឺ, សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតក្រុង «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន ៦ នៃស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ នៅស្រុកល្វាឯម។
ក្រុងអរិយក្សត្រ ជាក្រុងទី២ របស់ខេត្តកណ្តាល ដែលមានសង្កាត់ចំនួន ១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រតែម្តង៕EB