ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យដឹងថា បញ្ហាជួញដូរមនុស្ស គឺជាបញ្ហាដែលស្មុគស្មាញ ហើយមិនមែនមានតែនៅកម្ពុជានោះទេ គឺមាននៅលើសកលលោក ដូច្នេះរួមគ្នាដោះស្រាយផងដែរ។

នាឱកាសអនុញ្ញាតជូនលោក Joseph Scheuer អ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរមនុស្សនេះ ជាបទល្មើសមិនប្រពៃណីមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចផ្ទាល់ ត្រូវទទួលភារកិច្ចដឹកនាំការងារនេះ និងនៅតែបន្តយកចិត្តទុកដាក់អនុវត្តការងារនេះ ព្រោះពុំទាន់មានការបិទបញ្ចប់នោះទេ គឺនៅតែបន្តធ្វើរហូតមកដល់បច្ចុប្បន្ន។

សម្ដេច បញ្ជាកទៀតថា «បញ្ហានេះជាបញ្ហាមួយដែលស្មុគស្មាញ ហើយមិនមែនតែមាននៅកម្ពុជានោះទេ គឺនៅលើសកលលោកទាំងមូល និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ»។


លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្នភាព នៃបទល្មើសគ្រឿងញៀននៅកម្ពុជា និងក៏បានជម្រាបជូនអំពីការដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនក្នុងការប្រយុទ្ធប្រឆាំង និងបង្ការបទល្មើសគ្រឿងញៀន ដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផលក្នុងរយៈពេលមួយយូរអង្វែងនៅក្នុងបេសកកម្ម នៃការប្រយុទ្ធប្រឆាំងនឹងបង្ក្រាប ក៏ដូចជាបង្ការបទល្មើសគ្រឿងញៀន។

ជាការឆ្លើយតប លោក Joseph Scheuer ក៏បានដឹងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងជាយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ខណៈនៅក្រោមឆត្ររបស់អង្គការប្រជាជាតិ ក៏មានអង្គការ IOM និងអង្គការ UNDP បានធ្វើការងារនេះជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ